បណ្តាញសង្គម

កាដូធំមួយត្រៀមជូនដល់កូរ៉េខាងជើង! ប៉ុន្តែកូរ៉េខាងត្បូងត្រូវការអន្តរជាតិឯកភាពសិន!

(សេអ៊ូល)៖ រដ្ឋមន្ត្រីហិរញ្ញវត្ថុកូរ៉េខាងត្បូង លោក Kim Dong-yeon បានឱ្យដឹងថា រដ្ឋាភិបាលទីក្រុងសេអ៊ូល កំពុងពិចារណាលើការ  ផ្ដល់ហិរញ្ញវត្ថុ ចំពោះគំរោងសេដ្ឋកិច្ច ជាមួយកូរ៉េខាងជើង បើទោះជារាល់គំរោងទាំងអស់ ជាមួយទីក្រុងព្យុងយ៉ាង  ត្រូវការ ការយល់ព្រម ពីសហគមន៍អន្តរជាតិ ជាមុនក៏ដោយ។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅល្ងាចថ្ងៃពុធ ទី០២ ខែឧសភា ឆ្នាំ២០១៨។ ថ្លែងប្រាប់ ក្រុមអ្នកសារព័ត៌មាន នៅឯទីក្រុង Sejong នៅថ្ងៃពុធនេះ លោក Kim Dong-yeon បានលើកឡើងដូច្នេះថា  «យើងកំពុងពិចារណាថា តើត្រូវធ្វើយ៉ាងណា ដើម្បីអាចសហការជាមួយ សហគមន៍អន្តរជាតិ ហើយតើត្រូវធ្វើដូចម្ដេច  ទើបអាចផ្ដល់ហិរញ្ញវត្ ថុដល់គំរោងអន្តរកូរ៉េ... ប៉ុន្តែយ៉ាងណា យើងនៅតែត្រូវការការអនុញ្ញាត ពីសហគមន៍អន្តរជាតិ  និងចាំបាច់ ត្រូវរង់ចាំមើលលទ្ធផល នៃកិច្ចប្រជុំ រវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង ជាមុនសិន»។

គួរបញ្ជាក់ថា រដ្ឋមន្ត្រីហិរញ្ញវត្ថុកូរ៉េខាងត្បូង មិនបានបញ្ជាក់លម្អិត ពីជំនួយហិរញ្ញវត្ ថុរបស់ទីក្រុងសេអ៊ូលនោះទេ ខណៈបច្ចុប្បន្ន ទីក្រុងព្យុងយ៉ាង កំពុងជាប់ទណ្ឌកម្មអន្តរជាតិ ជុំវិញការអភិវឌ្ឍ កម្មវិធីអាវុធនុយក្លេអ៊ែរ និងមីស៊ីលផ្លោង។

ដូច្នេះរាល់គំរោង ឬក៏កិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចជាមួយកូរ៉េខាងជើង ត្រូវទទួលបានការអនុញ្ញាត ពីសហគមន៍អន្តរជាតិសិន៕

ដកស្រង់ពី៖ Fresh News