បណ្តាញសង្គម

អាមេរិក​កំពុងតែ​បង្ក​បញ្ហា​ធំ «តាមរយៈការ​គ្រោងបង្កើត​មូលដ្ឋាន​យោធា លើទឹកដី​ស៊ីរី​តែម្តង...»

(ស៊ីរី)៖ ភាពតានតឹងរវាងរដ្ឋាភិបាល ទីក្រុងដាម៉ាស និងក្រុមអ្នកប្រយុទ្ធឃើដ នៅភាគខាងជើងប្រទេសស៊ីរី  ត្រូវបានដុតរោល ឲ្យកាន់តែក្តៅ នៅចំពេលមានសេចក្តីរាយការណ៍ព័ត៌មាន អំពីការបោះមូលដ្ឋានថ្ មីរបស់កងទ័ពអាមេរិក នៅទីក្រុង អាល់ហាសាកាហ៍ (Al-Hasakah) ភាគខាងជើងស៊ីរី ព្រមទាំងការបញ្ជូនយោធា ពីក្រុមយោធាចំរុះ របស់អារ៉ាប់ (Arab Coalition) ដែលដឹកនាំដោយ ព្រះរាជាណាចក្រ អារ៉ាប៊ីសាអូឌីត។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃចន្ទ ទី០៧ ខែឧសភា ឆ្នាំ២០១៨។ សកម្មភាពរបស់ កងកម្លាំងឃើដ ដើម្បីពង្រឹងទីតាំងរបស់ខ្លួន នៅក្នុងតំបន់ខាងលើ បានបង្កើននូវគ្រោះថ្នាក់  នៃការប្រឈមមុខដាក់គ្នាដោយផ្ទាល់ ជាមួយកងទ័ពស៊ីរី ដែលត្រូវបានបញ្ជូនទៅកាន់ទីនោះ។

កងកម្លាំងឃើដ SDF ដែលមានការជ្រោមជ្រែង ពីសហរដ្ឋអាមេរិក កំពុងជីករណ្តៅ និងសាងសង់លេនដ្ឋាន (Bunker) នៅជុំវិញបន្ទាយ របស់ពួកគេ និងនៅតាមតំបន់នានាក្នុងទីក្រុង Al-Hasakah ខណៈដែលកងទ័ពស៊ីរី  ត្រូវបានបង្គាប់ឲ្យ មានការប្រុងជើងការខ្ពស់ នៅតំបន់នោះ។

គួរជម្រាបថា ភាពតានតឹងកើនឡើងក្តៅគគុកនេះ បានបន្តយ៉ាងដូច្នេះ ចាប់តាំងតែពីសហរដ្ឋអាមេរិក ត្រូវគេរាយការណ៍ថា  បានបញ្ជូនសព្វាវុធថ្មីផ្សេងទៀត តាមច្រកព្រំដែន ស៊ីម៉ាល់កា (Simalka) និងត្រៀមបង្កើតមូលដ្ឋានថ្មី។ ជាមួយគ្នានេះ ក្រុមយោធាចំរុះ នៃបណ្តាប្រទេសអារ៉ាប់ ដែលដឹកនាំដោយ អារ៉ាប៊ីសាអូឌីត ក៏ត្រូវគេរាយការណ៍ថា  បានព្រមព្រៀងគ្នា នឹងបញ្ជូនកងទ័ពមកកាន់ ភាគខាងជើងស៊ីរីផងដែរ៕

ដកស្រង់ពី៖ Fresh News