មេដឹកនាំកូរ៉េខាងត្បូងទៅដល់ទីក្រុងតូក្យូ «ដើម្បីចូលរួមកិច្ចប្រជុំត្រីភាគី ចិន-ជប៉ុន-កូរ៉េខាងត្បូង» ស្តីពីបញ្ហាសំខាន់ៗមួយចំនួន!
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មានអន្តរជាតិ
(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន នៅថ្ងៃពុធនេះ បានធ្វើដំណើរទៅដល់ ទីក្រុងតូក្យូហើយ និងចាប់ផ្តើមកិច្ចប្រជុំ ត្រីភាគីជាមួយ នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ និងនាយករដ្ឋមន្ត្រីចិន លោក លី ខឺជាំង (Li Keqiang)។
ជំនួបនេះ ត្រូវបានគេរំពឹងថា នឹងផ្ដោតសំខាន់លើ ការធ្វើការងាររួមគ្នា ក្នុងការរំសាយមហិច្ឆតា នុយក្លេអ៊ែរកូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារយ៉ុនហាប់ នៅព្រឹកថ្ងៃពុធ ទី០៩ ខែឧសភា ឆ្នាំ២០១៨។
កិច្ចប្រជុំត្រីភាគី រវាងកូរ៉េខាងត្បូង ចិន និងជប៉ុន កើតមានឡើង បន្ទាប់ពីជំនួបកំពូល អន្តរកូរ៉េជាប្រវត្តិសាស្ត្រ រវាងលោក មូន ជែអ៊ីន និង មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន កាលពីចុងខែមេសាកន្លងទៅ ជាពេលដែលមេដឹកនាំ កូរ៉េទាំងពីរ បានសន្យាធ្វើការងារ រួមគ្នាដើម្បីលុបបំបាត់ទាំងស្រុង នូវអាវុធនុយក្លេអ៊ែរ នៅលើឧបទ្វីបកូរ៉េ។
ម្យ៉ាងវិញទៀត ដំណើរទស្សកិច្ចរបស់ លោក មូន គឺជាការ បំពេញទស្សនកិច្ច ជាលើកដំបូងបំផុត មកកាន់ប្រទេសជប៉ុន ក្នុងនាមជាមេដឹកនាំកូរ៉េខាងត្បូងម្នាក់ គិតចាប់តាំងពីខែធ្នូ ឆ្នាំ២០១១មក។
គួរបញ្ជាក់ថា បើតាមវិមានប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន នឹងត្រូវមានជំនួបទ្វេភាគីជាមួយលោក អាបេ និងលោក Li Keqiang ហើយនៅក្នុងជំនួប ជាមួយលោក Li ត្រូវបានគេរំពឹងថា នាយករដ្ឋមន្ត្រីចិនរូបនេះ នឹងប្រាប់ពីលទ្ធផលនៃកិច្ចប្រជុំ រវាងលោកប្រធានាធិបតីចិន ស៊ី ជិនពីង និងលោក គីម ជុងអ៊ុន ដែលបានធ្វើឡើង នៅទីក្រុងដាលៀន នៃខេត្តលាវនីង ពីថ្ងៃទី៧-៨ ខែឧសភាកន្លងទៅ៕
ដកស្រង់ពី៖ Fresh News