បណ្តាញសង្គម

អ៊ីស្រាអែល​ចោទ​អ៊ីរ៉ង់ថា «ជាអ្នកបាញ់​ស្រោចគ្រាប់​រ៉ុក្កែត លើមូលដ្ឋាន​យោធា​ក្នុងតំបន់ Golan Heights» ដែល​អ៊ីស្រាអែល​កំពុងធ្វើ​សមយុទ្ធ!

  (អ៊ីស្រាអែល)៖ យោធាអ៊ីស្រាអែល បានអះអាងថា កងកម្លាំងអ៊ីរ៉ង់ បានបាញ់រ៉ុក្កែតជាច្រើនគ្រាប់ លើមូលដ្ឋានយោធារបស់ខ្លួន ស្ថិតនៅតំបន់ Golan Heights ជាប់ព្រំដែនជាមួយស៊ីរី។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែឧសភា ឆ្នាំ២០១៨។ ភាពតានតឹងរវាង អ៊ីស្រាអែល និង អ៊ីរ៉ង់ បានផ្ទុះឡើងជាថ្មី ក្រោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប្រកាសដកសហរដ្ឋអាមេរិក ចេញពីកិច្ចព្រមព្រៀង នុយក្លេអ៊ែរអ៊ីរ៉ង់ កាលពីឆ្នាំ២០១៥។

ជាពិសេសទៅទៀត គឺបន្ទាប់ពី មានសេចក្ដីរាយការណ៍ថា អ៊ីស្រាអែល បានបាញ់មីស៊ីល ជាច្រើនគ្រាប់ លើមូលដ្ឋានយោធាមួយកន្លែង  នៅភាគខាងត្បូង ទីក្រុងដាម៉ាស់ ប្រទេសស៊ីរី កាលពីថ្ងៃអង្គារ ដោយបាន ផ្ដាច់ជីវិតកងកម្លាំងស្ម័គ្រស្មោះ នឹងរដ្ឋាភិបាលស៊ីរី ១៥នាក់ កាលពីថ្ងៃអង្គារ។នេះបើតាមអង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី។

ដោយឡែក យោធាអ៊ីស្រាអែល នៅថ្ងៃព្រហស្បតិ៍នេះ ក៏បានឱ្យដឹងដែរថា កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានបាញ់គ្រាប់រ៉ុក្កែតប្រមាណ ២០គ្រាប់ លើមូលដ្ឋាន យោធាអ៊ីស្រាអែល នៅក្នុងតំបន់ Golan Heights ដោយក្នុងនោះគ្រាប់រ៉ុក្កែតមួយចំនួន ត្រូវស្ទាក់ចាប់ តែវាក៏ មិនបានបំផ្លិចបំផ្លាញ អ្វីធ្ងន់ធ្ងរនោះដែរ។

គួររំលឹកថា កាលពីដើមសប្ដាហ៍កន្លងទៅ យោធាអ៊ីស្រាអែលបាននិយាយថា កងកម្លាំងអ៊ីរ៉ង់ ក៏កំពុងធ្វើសកម្មភាពមិនប្រក្រតី នៅក្នុងតំបន់ Golan Heights ជាទីដែលយោធា អ៊ីស្រាអែល ត្រូវបានដាក់ឱ្យ នៅក្នុងស្ថានភាព ប្រុងជើងការខ្ពស់ ក៏ដូចជាអំពាវនាវឱ្យជនស៊ីវិល រកកន្លែងមានសុវត្ថិភាព៕

ដកស្រង់ពី៖ Fresh News