បណ្តាញសង្គម

ជនជាតិ​អាមេរិកបី​នាក់​ ដែលកូរ៉េខាងជើង​ដោះលែង​ ទៅ​ដល់សហរដ្ឋអាមេរិកវិញហើយ, លោក ដូណាល់ ត្រាំ ទទួល​​ដោយ​​ផ្ទាល់

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានធ្វើដំណើរទៅដល់ មូលដ្ឋានទ័ពអាកាស អាន់ឌ្រូស៍ (Andrews) ស្ថិតនៅក្បែរ ទីក្រុងវ៉ាស៊ីនតោន  ដើម្បីទទួលពលរដ្ឋ អាមេរិកកាំងបីនាក់ ដែលត្រូវបានកូរ៉េខាងជើង ដោះលែងឱ្យមាន សេរីភាពឡើងវិញ។

នេះបើតាមសេតវិមាន ដកស្រង់ដោយសារព័ត៌មាន BBC នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១០ ខែឧសភា ឆ្នាំ២០១៨។ សេតវិមានបានឱ្យដឹងថា  យន្ដហោះដឹករដ្ឋមន្ត្រីការបរទេស អាមេរិកលោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) និងពលរដ្ឋអាមេរិកទាំងបីនាក់ បានចុះចត នៅឯមូលដ្ឋានទ័ពអាកាស  Andrews ហើយអ្នកទាំងបីនាក់ ត្រូវបានកូរ៉េខាងជើង ដោះលែងឱ្យមានសេរីភាព ក្រោយលោក Pompeo ទៅទទួលយកពួកគេដោយផ្ទាល់  ក្នុងដំណើរទស្សនកិច្ច ក្នុងទីក្រុងព្យុងយ៉ាង កាលពីថ្ងៃពុធ។

សេតវិមានបន្ថែមថា ការសម្រេចចិត្ តរបស់កូរ៉េខាងជើងនៅពេលនេះ គឺបានបង្ហាញពីចេតនា និងជាកាយវិការដ៏ល្អ នៅមុនជំនួបរវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន។

«ពួកយើងពិតជាសូមអរគុណ យ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះរដ្ឋាភិបាលអាមេរិក លោកប្រធានាធិបតី ដូណាល់ ត្រាំ និងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo រួមទាំងប្រជាជនអាមេរិកទាំងមូល ដែលបានខិតខំប្រឹងប្រែង នាំពួកយើងត្រឡប់មកផ្ទះវិញ»។ នេះបើតាមសេចក្ដីថ្លែងការណ៍រួម របស់ពលរដ្ ឋអាមេរិកទំាងបីនាក់ គឺលោក គីម ហាក់សុង (Kim Hak-song), លោក តូនី គីម (Tony Kim) និង លោក គីម ដុងជុល (Kim Dong-chul) ដែលបានជាប់ឃុំនៅកូរ៉េខាងជើង អស់រយៈពេលជាច្រើនខែ ពីបទចោទប្រកាន់ថា បានធ្វើចារកម្ម និងសកម្មភាពប្រឆាំងរដ្ឋអំណាច៕

ដកស្រង់ពី៖ Fresh News