បណ្តាញសង្គម

កូរ៉េខាងជើង​​ព្រមាន​អាមេរិក​ ជុំវិញ​ការបង្ខំ​ដដែលៗ​ឲ្យខ្លួន​បោះបង់​​ចោល​​អាវុធ​នុយក្លេអ៊ែរ..

 (សេអ៊ូល)៖ ស្ថានភាពហាក់ដូចជា កំពុងត្រឡប់ទៅរក ភាពតានតឹងវិញ ក្រោយកូរ៉េខាងជើងព្រមានថា ខ្លួននឹងពិចារណាឡើងវិញ លើការរៀបចំ  ជំនួបជាមួយ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បើសិនជាទីក្រុងវ៉ាស៊ីនតោន នៅតែបង្ខំដដែលជាដដែល ឱ្យខ្លួនបោះបង់ចោល អាវុធនុយក្លេអ៊ែរនោះ។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅរសៀលថ្ងៃពុធ ទី១៦ ខែឧសភា ឆ្នាំ២០១៨។ បើតាមការគ្រោងទុក ជំនួបកំពូលរវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន នឹងត្រូវធ្វើឡើងនៅថ្ងៃទី១២ ខែមិថុនាក្នុងប្រទេសសិង្ហបុរី។ ប៉ុន្តែមុនជំនួបនេះកើតឡើង ភាពតានតឹងស្រាប់តែផ្ទុះឡើងជាថ្មី  បន្ទាប់ពីកូរ៉េខាងជើង សម្រេចចិត្តលុបចោល កិច្ចប្រជុំកម្រិត ខ្ពស់ជាមួយកូរ៉េខាងត្បូង នៅថ្ងៃពុធនេះ ដោយសារតែការធ្វើសមយុទ្ធយោធា រវាងទីក្រុងសេអ៊ូល  និងទីក្រុងវ៉ាស៊ីនតោន។

ដោយឡែក ជុំវិញបញ្ហានេះដែរ សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ផ្អែកលើការស្រង់សម្ ដីពីអនុរដ្ឋមន្ត្រីការបរទេស លោក គីម គ្យេក្វាន (Kim Kye-gwan) បានឱ្យដឹងយ៉ាងដូច្នេះថា «បើសិនជាសហរដ្ឋអាមេរិក បង្ខំពួកយើង និងសម្រេចចិត្តឯកតោភាគី ដោយស្នើជាដដែលៗឱ្យយើង  បោះបង់ចោល អាវុធនុយក្លេអ៊ែរ  យើងនឹងមិនចាប់អារម្មណ៍ទៀតឡើយ លើកិច្ចសន្ទនា ហើយយើងនឹងពិចារណាឡើងវិញថា តើយើង គួរតែត្រូវទទួលយក ជំនួបកំពូល កូរ៉េខាងជើង-អាមេរិក ឬក៏យ៉ាងណា»។

គួរបញ្ជាក់ថា ប្រតិកម្មរបស់កូរ៉េខាងជើងនៅពេលនេះ បានកើតមានឡើង ទំនងដោយសារតែ សមយុទ្ធយោធារវាង សហរដ្ឋអាមេរិក និង កូរ៉េខាងជើង  ដែលកំពុងប្រព្រឹត្តទៅ រហូតដល់រយៈពេល ០២សប្ដាហ៍ ដោយផ្ដើមពីថ្ងៃទី១១ ខែឧសភា នៅលើទឹកដីកូរ៉េខាងត្បូង។ សមយុទ្ធយោធា ប្រចាំឆ្នាំឈ្មោះ Max Thunder មានការចូលរួមពី យន្ដហោះចម្បាំងជាង ១០០គ្រឿង ដែលនេះត្រូវបានទីក្រុងព្យុងយ៉ាងចាត់ ទុកថា គឺជាសកម្មភាព ត្រៀមឈ្លានពាន ប្ដូររបបដឹកនាំ លោក គីម ជុងអ៊ុន៕

ដកស្រង់ពី៖ Fresh News