បណ្តាញសង្គម

អង់គ្លេស​តបទៅកាន់​ នាយករដ្ឋ​មន្ត្រីអ៊ីស្រាអែល​វិញថា «នៅតែ​គាំទ្រកិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​​អ៊ីរ៉ង់ពេញ​​ទំហឹង» ទោះ​​បីអាមេរិក​ដក​ខ្លួន​ចេញ...

(ឡុងដ៍)៖ នាយករដ្ឋមន្រ្តីអង់គ្លេស លោកស្រី ថេរ៉េសា ម៉ាយ (Theresa May) បានប្រាប់នាយករដ្ឋមន្ត្រី អ៊ីសា្រអែល លោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ (Benjamin Netanyahu) ថា ទីក្រុងឡុងដ៍ បន្តគំាទ្រយ៉ាងពេញទំហឹង  ចំពោះកិច្ចព្រមព្រៀង នុយក្លេអ៊ែរអ៊ីរ៉ង់ បើទោះជាសហរដ្ឋអាមេរិក បានប្រកាសដកខ្លួនចេញ ពីកិច្ចព្រមព្រៀងនេះ ក៏ដោយ។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CGTN នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៧ ខែមិថុនា ឆ្នាំ២០១៨។ ជាមួយគ្នានោះដែរ  បើតាមអ្នកនំាពាក្យ លោកស្រី May ជំនួបរវាងលោកស្រី និងលោក ណឺតាន់យ៉ាហ៊ូ នៅថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងនៅទីក្រុងឡុងដ៍) បានផ្តោតលើបញ្ហា ប្រទេសស៊ីរី និង កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់។

អ្នកនាំពាក្យរូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា «មេដឹកនាំទំាងពីរ បានពិភាក្សាគ្នាពីបញ្ហាអ៊ីរ៉ង់ ហើយលោកស្រី នាយករដ្ឋមន្ត្រី  នៅតែប្រកាន់ ជំហរដដែល នោះគឺគំាទ្រកិច្ចព្រមព្រៀង នុយក្លេអ៊ែរ អ៊ីរ៉ង់កាលពីឆ្នាំ២០១៥ ត្បិតវាគឺជាមធ្យោបាដ៏ល្អមួយ  ក្នុងការទប់ស្កាត់ កុំឱ្យអ៊ីរ៉ង់ផលិត អាវុធនុយក្លេអ៊ែរ។តែយ៉ាងណា មេដឹកនាំទាំងពីរ បានឯកភាពគ្នាពីភាពចាំបាច់ ក្នុងការប្រឈមមុខ នឹងសកម្មភាព  បង្កអស្ថេរភាព របស់អ៊ីរ៉ង់នៅក្នុងតំបន់»។

គួរបញ្ជាក់ថា ជំនួបរវាងលោកស្រី May និងលោក ណឺតាន់យ៉ាហ៊ូ ធ្វើឡើងឱកាសដែល នាយករដ្ឋមន្ត្រីអ៊ីស្រាអែលរូបនេះ  បំពេញដំណើរទស្សនកិច្ច មកកាន់ទ្វីបអឺរ៉ុប ដើម្បីបញ្ចុះបញ្ចូល ឱ្យសហភាពអឺរ៉ុប  កែប្រែលក្ខខណ្ឌ នៅក្នុងកិច្ចព្រមព្រៀង នុយក្លេអ៊ែរអ៊ីរ៉ង់ឡើងវិញ។

ប៉ុន្តែក្រៅតែពីមេដឹកនាំបារាំង អាល្លឺម៉ង់ និងអង់គ្លេស សុទ្ធតែបង្ហាញពីការគំាទ្រ ដល់កិច្ចព្រមព្រៀងនេះដដែល ដោយអះអាងថា វាគឺជាមធ្យោបាយ ដ៏ល្អមួយក្នុងការទប់ស្កាត់ កុំឱ្យអ៊ីរ៉ងផលិតអាវុធនុយក្លេអ៊ែរ៕

ដកស្រង់ពី៖ Fresh News