បណ្តាញសង្គម

ប្រធានាធិបតី​​បារាំង​ទប់ចិត្ត​លែង​បាន៖ «បើសិន​លោក ដូណាល់ ត្រាំ មិន​ខ្វាល់​ពីភាព​ឯកា នោះ​​ប្រទេស G7 អាច​​ក្លាយ​​​ជា G6 វិញ ...»

  (ម៉ូស្គូ)៖ ប្រធានាធិបតីបារាំង លោក អែមម៉ានុយអែល ម៉ាក្រុង បានដំឡើងសសៃកកាន់តែខ្លាំង ដាក់ទីក្រុងវ៉ាស៊ីនតោន ដោយបាននិយាយថា បើសិនជាលោក  ដូណាល់ ត្រាំ មិនខ្វាយខ្វល់ពីភាពឯកោនោះប្រទេស G7 អាចក្លាយជាប្រទេស G6 ដោយគ្មាន សហរដ្ឋអាមេរិកក៏បាន។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Russian Today នៅព្រឹកថ្ងៃសុក្រ ទី០៨ ខែមិថុនា ឆ្នាំ២០១៨។ លោក ម៉ាក្រុង បានរិះគន់លើលោក ដូណាល់ ត្រាំ ឥតសម្ចៃមាត់ ជុំវិញការដំឡើងពន្ធលើដែកថែប និងអាលុយមីញ៉ូម ព្រមទាំងការហាមឃាត់ មិនឱ្យប្រទេសដទៃ រកស៊ីជាមួយអ៊ីរ៉ង់។

ថ្លែងនៅចំពោះមុខ អ្នកសារព័ត៌មាន ប្រធានាធិបតីបារាំងរូបនេះ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ប្រទេសចំនួន ០៦ នៃក្រុមប្រទេស G7 គ្មានសហរដ្ឋអាមេរិក  គឺជាទីផ្សាររួមមួយដ៏ធំ ជាងទីផ្សារអាមេរិកទៅទៀត... ដូច្នេះបើសិន ជាលោកប្រធានាធិបតីអាមេរិក មិនខ្វល់ពីឯកោនៅថ្ងៃនេះទេ  នោះយើងក៏មិនខ្វល់ដែរ ពីការក្លាយទៅជាប្រទេស G6 នៅក្នុងករណីចាំបាច់»។

គួរបញ្ជាក់ថា ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប កំពុងរងភាពតានតឹងជាថ្មី ក្រោយរដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិក លោក វាលប៊ឺ រូសស៍ (Wilbur Ross) បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុនថា ការតម្លើងពន្ធលើការនាំចូលដែកថែប ២៥ភាគរយ និងអាលុយមីញ៉ូម ១០ភាគរយ បានចូលជាធរមានហើយ បើទោះបីជាអ្នកជំនាញ សេដ្ឋកិច្ចជាច្រើនព្រួយបារម្ភថា សង្រ្គាមពាណិជ្ជកម្ម អាចនឹងផ្ទុះឡើង ក៏ដោយ៕

  ដកស្រង់ពី៖ Fresh News