បណ្តាញសង្គម

លោក គីម ជុងអ៊ុន «អញ្ជើញលោក ដូណាល់ ត្រាំ ទៅទស្សនកិច្ច​ទីក្រុង​ព្យុងយ៉ាង» ដើម្បីបើកកិច្ចជំនួបលើក​ទីពីរ...

 (សិង្ហបុរី)៖ សេចក្តីរាយការណ៍ព័ត៌មានមួយ បានបង្ហើបឲ្យដឹងថា នៅមុនការកិច្ចប្រជុំ ជាប្រវត្តិសាស្រ្ត នៅសិង្ហបុរី ប្រមុខដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានអញ្ជើញ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ រួចជាស្រេចទៅហើយ ដើម្បីឲ្យទៅបំពេញទស្សនកិច្ច នៅឯរដ្ឋធានីព្យុងយ៉ាង  ដើម្បីបើកកិច្ចប្រជុំជាលើកទីពីរ នៅខែកក្កដាខាងមុខនេះតែម្តង។

នេះបើសេចក្តីរាយការណ៍របស់សារព័ត៌មានរបស់កូរ៉េខាងត្បូង ដកស្រង់ខ្លឹមសារ បន្តដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃចន្ទ ទី១១ ខែមិថុនា ឆ្នាំ២០១៨។

ជាងនេះទៅទៀតនៅថ្ងៃចន្ទនេះ ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ក៏បានធ្វើសេចក្តីរាយការណ៍ផងដែរថា  កិច្ចប្រជុំកំពូល អាមេរិក-កូរ៉េខាងជើង នៅព្រឹកថ្ងៃស្អែកនេះ នឹងផ្តោតទៅលើការចាប់ផ្តើម ចំណងទាក់ទងថ្មី រវាងប្រទេសទាំងពីរ  ព្រមទាំងការបង្កើតប្រព័ន្ធ សន្តិភាពដ៏រឹងមាំមួយ និងការរំសាយអាវុធនុយក្លេអ៊ែរពីឧបទ្វីបកូរ៉េ។

ជុំវិញសេចក្តីរាយការណ៍ខាងលើនេះ លោក ដូណាល់ ត្រាំ ក៏ធ្លាប់បានលើកឡើងផងដែរថា ប្រសិនបើជំនួបកំពូលនេះ បញ្ចប់ទៅដោយភាពវិជ្ជមាន  លោកអាចនឹងអញ្ជើញលោក គីម ឲ្យទៅបំពេញទស្សនកិច្ច នៅសេតវិមានថែមទៀតផង។

គួរជម្រាបថា លោក ដូណាល់ ត្រាំ និង លោក គីម ជុងអ៊ុន បានធ្វើដំណើរមកដល់ប្រទេសសិង្ហបុរី កាលពីថ្ងៃអាទិត្យម្សិលមិញ ដូចគ្នា ហើយមេដឹកនាំ ទាំងពីរត្រូវគេរំពឹងថា នឹងជួបមុខគ្នាជាផ្លូវការនៅសណ្ឋាគារ Capella លើកោះ Sentosa របស់សិង្ហបុរី នៅវេលាម៉ោង ០៩៖០០នាទីព្រឹកថ្ងៃស្អែកនេះ៕

ដកស្រង់ពី៖ Fresh News