បណ្តាញសង្គម

បារ៉ាក់ អូបាម៉ា អំពាវនាវឲ្យរុស្សី ផ្អាកសកម្មភាពយោធា នៅភាគខាងកើត អ៊ុយក្រែន

ប្រធានាធិបតីសហរដ្ឋអាមេរិក លោកបារ៉ាក់ អូបាម៉ា កាលពីថ្ងៃអង្គារ បានអំពាវនាវឲ្យរុស្ស៊ី ដាក់សម្ពាធលើក្រុមបះបោរ ដើម្បីបញ្ឈប់ ការវាយប្រហារទៅលើ កងកម្លាំងរដ្ឋាភិបាល នៅតំបន់ភាគខាងកើត របស់អ៊ុយក្រែន និងដើម្បីរារាំង កុំឲ្យមានលំហូរ ក្រុមសកម្មប្រយុទ្ធ និងអាវុធចូលទៅក្នុងតំបន់នេះ។

លោកអូបាម៉ា បានធ្វើការអំពាវនាវនេះ នៅក្នុងសន្និសីទសារព័ត៌មានមួយ ក្នុងប្រទេសប៉ូឡូញ ហើយក៏បានធ្វើការព្រមានថា សកម្មភាពបន្ថែមទៀត របស់រុស្ស៊ីក្នុងអ៊ុយក្រែន អាចនឹងនាំឲ្យមាន ការដាក់ទណ្ឌកម្មសេដ្ឋកិច្ច បន្ថែមទៀត។ លោកអូបាម៉ា បានឲ្យដឹងថា៖ «សកម្មភាពបង្កជម្លោះបន្ថែមទៀត របស់រុស្ស៊ី នឹងត្រូវឆ្លើយទៅវិញជា មួយនឹងការខាតបង់បន្ថែមទៀត សម្រាប់រុស្ស៊ី ក្នុងនោះរាប់បញ្ចូល ទាំងការដាក់ទណ្ឌកម្មបន្ថែមទៀត ប្រសិនបើចាំបាច់»។

ប្រធានាធិបតីរូបនេះ ដែលនឹងជួបជាមួយនឹង ប្រធានាធិបតីជាប់ឆ្នោត របស់អ៊ុយក្រែន លោក Petro Poroshenko ក្នុងទីក្រុង Warsaw នៅថ្ងៃពុធនេះ បានអំពាវឲ្យរុស្ស៊ីប្រើប្រាស់ ឥទ្ធិពលរបស់ខ្លួនក្នុងការរារាំង កុំឲ្យមានលំហូរ របស់កងយោធា និងអាវុធចូលទៅកាន់ តំបន់ភាគខាងកើត របស់អ៊ុយក្រែន។

លោកបានឲ្យដឹងថា រដ្ឋាភិបាលរបស់លោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន ក៏គួរតែបញ្ចុះបញ្ចូល ក្រុមបះបោរគាំទ្រ ទីក្រុងម៉ូស្គូ «ឲ្យឈប់ធ្វើការវាយប្រហារ កងកម្លាំងសន្តិសុខ របស់អ៊ុយក្រែន» ផងដែរ។ ស្របពេលជាមួយគ្នានោះ ប្រទេសឥណ្ឌា កំពុងតែរៀបចំ ធ្វើការជម្លៀសជនជាតិ របស់ខ្លួនប្រមាណជា ១ពាន់នាក់ ដោយភាគច្រើនជានិស្សិត ចេញពីតំបន់រងអំពើហិង្សា Lugans របស់អ៊ុយក្រែន។ នេះបើយោងទៅតាមមន្ត្រីម្នាក់ កាលពីថ្ងៃអង្គារ។ លោក Syed Akbaruddin មន្ត្រីនាំពាក្យក្រសួងការបរទេស បានប្រាប់ថា៖ «ជនជាតិឥណ្ឌា ប្រមាណជា១ពាន់នាក់ ដោយភាគច្រើន ជានិស្សិតពេទ្យ កំពុងតែត្រូវបានជម្លៀសចេញ»៕