បណ្តាញសង្គម

រដ្ឋមន្ត្រីការពារជាតិអាមេរិក ធានាការពារសន្តិសុខកូរ៉េខាងត្បូង ជាមួយការរក្សាវត្តមានកងទ័ពអាមេរិក

(សេអ៊ូល)៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Jim Mattis នៅថ្ងៃព្រហស្បតិ៍នេះ បានធានាថាទីក្រុងវ៉ាស៊ីនតោន នឹងនៅតែរក្សា ដដែលនូវ ការប្ដេជ្ញាចិត្ត ការពារសន្ដិសុខកូរ៉េខាងត្បូង យ៉ាងពេញទំហឹង ក្នុងនោះរួមមានទាំងការ រក្សាវត្តមានកងទ័ពអាមេរិក ក្នុងពេល បច្ចប្បន្ន បើទោះជាមន្ត្រីទូត នៃប្រទេសទាំងពីរ កំពុងស្វែងរកកិច្ចព្រមព្រៀង លុបបំបាត់អាវុធនុយក្លេអ៊ែរ ជាមួយកូរ៉េខាងជើងក៏ដោយ ។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែមិថុនា ឆ្នាំ២០១៨។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ជាមួយសមភាគីកូរ៉េខាងត្បូង លោក Song Young-moo លោក Mattis ក៏បានការពារផងដែរការ សម្រេចចិត្ត ផ្អាកការធ្វើសមយុទ្ធយោធា ជាមួយកូរ៉េខាងត្បូង របស់ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ ដែលនាំទៅរកបញ្ឈប់ ការធ្វើសមយុទ្ធ ទ្រង់ទ្រាយធំ Freedom Guardian ដែលដំបូងឡើយ គ្រោងនឹងធ្វើឡើងនៅ ខែសីហាខាងមុខនេះ។

លោក Mattis បានលើកឡើងនាឱកាសនោះ ដូច្នេះថា៖«ការសម្រេចចិត្ត ផ្អាកការធ្វើសមយុទ្ធយោធា Freedom Guardian បានបង្កើតឱកាសកាន់ តែច្រើនឡើង សម្រាប់អ្នកការទូត របស់យើងក្នុងការចរចា ស្វែងរកសន្តិភាពសម្រាប់ឧបទ្វីបកូរ៉េ»។

គួរបញ្ជាក់ថា លោក Mattis ធ្វើការកត់សម្គាល់បែបនេះ នាឱកាសបំពេញ ដំណើរទស្សនកិច្ចដ៏ខ្លីមួយ ទៅកាន់ទីក្រុងសេអ៊ូល  នៅថ្ងៃព្រហស្បតិ៍នេះ ក្រោយបញ្ចប់ទស្សនកិច្ចនៅក្នុងទីក្រុងប៉េកាំង៕

ដកស្រង់ពី៖ Fresh News