បណ្តាញសង្គម

មិនខ្វល់​សង្គ្រាម​ពាណិជ្ជកម្ម «ក្រុមហ៊ុន​យក្ស​អាមេរិក Tesla គ្រោង​បើករោង​ចក្រ​ដំបូង» នៅលើទឹកដី​ប្រទេស​ចិន!

  (សៀងហៃ)៖ ក្រុមហ៊ុនផលិតយន្តដ៏ធំ នៅអាមេរិក «Tesla» នឹងបើករោងចក្រទីមួយរបស់ខ្លួន នៅឯក្រៅប្រទេស នៅក្នុងទីក្រុងសៀងហៃ  របស់ប្រទេសចិន ជាលើកដំបូងនៅចំពោះមុខ សង្រ្គាមពាណិជ្ជកម្ម  ដែលបានផ្ទុះឡើង ជាផ្លូវការរវាង ទីក្រុងវ៉ាស៊ីនតោន និង ទីក្រុងប៉េកាំង។

នេះបើតាមការដកស្រង់ ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី១១ ខែកក្កដា ឆ្នាំ២០១៨។ រោងចក្រខាងលើ  ដែលត្រូវបានគ្រោង នឹងសាងសង់ឡើង ជាមួយសមត្ថភាពដំឡើងរថយន្ត ដើរដោយថាមពលអគ្គិសនីចំនួន ០៥សែនគ្រឿង  ក្នុងមួយឆ្នាំនោះ នឹងត្រូវបោះទីតាំង នៅតំបន់ លីនហ្គេង (Lingang) រួមជាមួយមជ្ឈមណ្ឌលស្រាវជ្រាវ និង អភិវឌ្ឍន៍រថយន្តអគ្គិសនី មួយកន្លែងទៀតផងដែរ  បើតាមកិច្ចព្រមព្រៀង ដែលត្រូវបានចុះហត្ថលេខា ដោយក្រុមហ៊ុន Tesla និង រដ្ឋបាលក្រុងសៀងហៃ។

រដ្ឋបាលក្រុងសៀងហៃ បានឲ្យដឹងថា គម្រោងខាងលើ នឹងក្លាយជាគម្រោងដ៏ធំបំផុត ដែលមានការវិនិយោគ ពីក្រៅប្រទេស  នៅក្នុងប្រវត្តិសាស្រ្ត របស់ទីក្រុង ហើយខ្លួននឹងផ្តល់ ការគាំទ្រយ៉ាងពេញទំហឹង ដល់ដំណើរការសាងសង់ នៃរោងចក្រនេះ  ព្រមទាំងជួយ លើកកម្ពស់បរិយាកាស ផ្នែកអាជីវកម្ម សម្រាប់សហគ្រាសនានា របស់បរទេសថែមទៀត។

ម៉្យាងវិញទៀត បើតាមសេចក្តីប្រកាស នាពេលកន្លងមក Tesla នឹងនាំយករថយន្តម៉ូដែល S, X, និង Three ទៅកាន់ពិព័រណ៍ ផលិតផលនាំចូល អន្តរជាតិរបស់ប្រទេសចិន ដែលនឹងប្រព្រឹត្តទៅ នៅទីក្រុងសៀងហៃ នាថ្ងៃវិច្ឆិកាខាងមុខ។

គួរជម្រាបថា គម្រោងខាងលើនេះបានលេចឡើង ចំពេលដែលសហរដ្ឋអាមេរិក និងមហាយក្សចិន  កំពុងផ្ទុះសង្រ្គាម ជាមួយគ្នា ក្នុងវិស័យពាណិជ្ជកម្ម តាមរយៈការដំឡើងពន្ ធលើផលិតផលរបស់ភាគីម្ខាងៗ ក្នុងទំហំដល់ទៅរាប់រយពាន់លានដុល្លារ៕

ដកស្រង់ពី៖ Fresh News