បណ្តាញសង្គម

គ្រោះ​រញ្ជួយដី​បន្ថែមទៀត ៥.៨រ៉ិចទ័រ វាយប្រហារ​ប្រទេស​អ៊ីរ៉ង់!

 (តេហេរ៉ង់)៖ គ្រោះរញ្ជួយដី ថ្មីមួយផ្សេងទៀត ជាមួយកម្រិត ៥.៨រ៉ិចទ័រ បានវាយប្រហារចំខេត្តកឺម៉ាន់ (Kerman) ភាគអាគ្នេយ៍ នៃប្រទេសអ៊ីរ៉ង់ បន្ទាប់ពីទទួលរងការវាយលុកផ្ទួនៗគ្នា ដោយគ្រោះរញ្ជួយដល់ទៅ បីលើករួចមកហើយ កាលពីថ្ងៃអាទិត្យ និងមនុស្សជិត ២៩០នាក់បានរងរបួស។

នេះបើតាមការដកស្រង់ ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០១៨។ គិតត្រឹម ព្រឹកថ្ងៃចន្ទនេះមនុស្សជិត ២៩០នាក់ បានទទួលរងរបួស ដោយសារការវាយប្រហារ ពីគ្រោះរញ្ជួយដីមួយ មានកម្រិត ៥.៩រ៉ិចទ័រ ក្នុងចំណោម គ្រោះរញ្ជួយដីទាំង ០៣ខាងលើ ដែលបានវាយប្រហារទៅលើខេត្ត កឺម៉ាន់ហ្សាហ៍ (Kermanshah) ភាគខាងលិចអ៊ីរ៉ង់  ខណៈនាព្រឹកថ្ងៃចន្ទនេះ គ្រោះរញ្ជួយដីថ្មីមួយទៀត បានកើតមានឡើង ប៉ុន្តែពុំទាន់មានសេចក្តីរាយការណ៍ ពីទំហំនៃការបំផ្លិចបំផ្លាញ  និងមនុស្ស រងគ្រោះបន្ថែមនៅឡើយទេ។

គួរជម្រាបថា បើតាមអាជ្ញាធរអ៊ីរ៉ង់ នៅក្រោយគ្រោះរញ្ជួយដី កាលពីម្សិលមិញ មនុស្សសរុប ២៨៧នាក់ បានរងរបួស ខណៈអគារចំនួន ១០១ខ្នង ត្រូវបានបំផ្លិចបំផ្លាញទាំងស្រុង។ ចំណែកឯកាលពីខែឧសភា កន្លងទៅខេត្ត កោះហ្គីលូយ៉េហ៍ (Kohgiluyeh) ភាគខាងត្បូង  ក៏បានរងការវាយប្រហារ ពីគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាមួយផងដែរ ដែលបានបណ្តាលឲ្យមនុស្ស ១៣៣នាក់របួស។

នាពេលកន្លងមកនេះ អ៊ីរ៉ង់បានប្រឈមមុខ នឹងគ្រោះរញ្ជួយដីធំៗ។ តួយ៉ាងកាលពីខែវិច្ឆិកាឆ្នាំទៅ គ្រោះមហន្តរាយរញ្ជួយដីកម្រិត ៧.២រ៉ិចទ័រ បានវាយប្រហារ តំបន់ព្រំដែនអ៊ីរ៉ង់ ជាមួយអ៊ីរ៉ាក់ ដែលបានធ្វើឲ្យមនុស្ស រាប់រយនាក់ស្លាប់ និងរងរបួស៕

ដកស្រង់ពី៖ Fresh  News