បណ្តាញសង្គម

​កូរ៉េខាងត្បូងពិចារណាដកទ័ព ចេញពីតំបន់ព្រំដែនជាប់ជាមួយកូរ៉េខាងជើង

(សេអ៊ូល)៖ ក្រសួងការពារជាតិ កូរ៉េខាងត្បូង បាននិយាយនៅ ថ្ងៃអង្គារនេះ ថាខ្លួនកំពុងពិចារណា លើគំរោងដកកងទ័ព និងបរិក្ខា យោធាមួយចំនួន ចេញពីតំបន់នៅ តាមបណ្ដោយ តំបន់ព្រំដែនគ្មាន យោធាជាប់ជាមួយ កូរ៉េខាងជើង អនុឡោមតាមកិច្ចព្រមព្រៀង ជាប្រវត្តិសាស្រ្ត កាលពីខែមេសា រវាងមេដឹកនាំ នៃប្រទេសទាំងពីរ ។

នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CGTN នៅថ្ងៃអង្គារ ទី២៤ ខែកក្កដា ឆ្នាំ២០១៨។ ថ្លែងសេចក្ដី ថ្លែងការណ៍មួយ ក្រសួងការពារជាតិ កូរ៉េខាងត្បូង បានលើកឡើងដូច្នេះថា ៖ «ដើម្បីប្រែក្លាយ តំបន់ព្រំដែនគ្មានយោធា ឱ្យក្លាយទៅជា តំបន់សន្តិភាព ស្របទៅតាមសេចក្ដី ថ្លែងការណ៍រួម Panmunjom ក្រសួងការពារជាតិ កំពុងពិចារណា លើគំរោងមួយ ក្នុងការដកកងទ័ព និងបរិក្ខាយោធា ជាជំហានៗ នៅពេលអនាគត » ។

សូមជម្រាបថា ការប្រកាសពីគំរោង ដកកងទ័ព របស់កូរ៉េខាងត្បូង កើតមានឡើង បន្ទាប់ពីកូរ៉េខាងជើង ត្រូវបានគេរាយការណ៍ថា បានចាប់ផ្ដើមបំផ្លាញ ទីតាំងធ្វើតេស្ដបាញ់គ្រាប់រ៉ុក្កែត Sohae ស្ថិតនៅភាគអាគ្នេយ៍ ប្រទេសជាកិច្ចអនុវត្ត តាមកិច្ចព្រមព្រៀងនៅក្នុង ប្រទេសសិង្ហបុរី រវាងប្រធានាធិបតី អាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំ កូរ៉េខាងជើង លោក គីម ជុងអ៊ុន ៕