បណ្តាញសង្គម

ក្រុមហ៊ុន​មួយអះអាង​ថា នឹងទទួល​ខុសត្រូវយ៉ាងពេញលេញ ចំពោះការ​បាក់​ទំនបវារីអគ្គិសនី​នៅឡាវ!

(ឡាវ)៖ មន្ត្រីម្នាក់មកពីក្រុមហ៊ុនថាមពល សេពាន-សេណាំណយ (Xe Pian-Xe Namnoy Power Company) បានឱ្យដឹងថា  ក្រុមហ៊ុនមួយនេះ នឹងទទួលខុសត្រូវ យ៉ាងពេញលេញ ដោយអនុឡោមតាមច្បាប់ និងកិច្ចព្រមព្រៀង សម្បទាន លើផលប៉ះពាល់ បង្កឡើងដោយ ការបាក់ទំនប់វារីអគ្គីសនី ដែលបានបង្កជាទឹកជំនន់ និងការបំផ្លិចបំផ្លាញ ក្នុងស្រុកសាណាំសាយ (Sanamxay) នៃខេត្ត អាត់តាពើ (Attapeu) ប្រទេសឡាវ។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន The Nation នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២៦ ខែកក្កដា ឆ្នាំ២០១៨។ ការអះអាងបែបនេះ ធ្វើឡើងបន្ទាប់ពី រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលឡាវ លោក ខាំមែនី អ៊ីនធីរ៉ាត់ (Khammany Inthirath) បានអះអាងថា ក្រុមហ៊ុនមិនអាចបដិសេធ ក្នុងការទទួលខុសត្រូវ  លើទឹកជំនន់ ដែលបង្កឡើងដោយសារ បាក់ទំនប់វារីអគ្គីសនី របស់ខ្លួនបានឡើយ។

«ពាក់ព័ន្ធនឹងបញ្ហាសំណង ខ្ញុំចង់ប្រាប់ថា ផ្អែកលើកិច្ចព្រមព្រៀងសម្បទាន រាល់ឧទ្ទវហេតុ មានទាក់ទិន នឹងសំណង់ ទំនប់វារីអគ្គិសនី គឺជាទំនួលខុសត្រូវទាំងស្រុង របស់អ្នកអភិវឌ្ឍន៍គំរាង ១០០ភាគរយ»។ នេះគឺជាការគូសបញ្ជាប់ របស់លោក Khammany Inthirath។ប៉ុន្តែមកទល់នឹងពេលនេះ ខាងក្រុមហ៊ុនមិនទាន់ ចេញសេចក្ដីថ្លែងការណ៍ ជាសាធារណៈ និងផ្លូវការណាមួយ នៅឡើយទេ។

គួរបញ្ជាក់ថា ក្រុមហ៊ុនម៉ៅការសាងសង់ ទំនប់វារីអគ្គីសនីចំនួន ០២ របស់កូរ៉េខាងត្បូង បានបញ្ជាក់ដែរថា  ពួកគេបានរាយការណ៍ ពីការខូចខាត មួយថ្ងៃមុនពេលផ្នែកមួយចំនួន នៃទំនប់វារីអគ្គីសនី Xe-Namnoy បានបាក់កាលពីថ្ងៃចន្ទ។ ប៉ុន្តែនៅតែមានបញ្ហាក្នុង  ការព្រមាន និងជម្លៀសប្រជាជន ទៅកន្លែងមានសុវត្ថភាព មុននឹងទប់នេះបាក់៕

ដកស្រង់ពី៖ Fresh News