បណ្តាញសង្គម

កូរ៉េខាងត្បូង ផ្ដល់នាវាចម្បាំង ឲ្យហ្វីលីពីន ខណៈដែលជម្លោះ ដែនសមុទ្រ កំពុងតែតានតឹង

រដ្ឋាភិបាលកូរ៉េខាងត្បូង បានថ្លែងឲ្យដឹង កាលពីថ្ងៃព្រហស្បតិ៍ កន្លងទៅ ថ្មីៗនេះថា ខ្លួននឹងធ្វើអំណោយ នាវាចម្បាំងចាស់ៗ ទៅឲ្យកងទ័ពជើងទឹកហ្វីលីពីន ដែលខ្សត់ខ្សោយបរិក្ខានេះ ខណៈពេលដែលភាពតានតឹង កំពុងតែកើនឡើង ជាពិសេស ជាមួយនឹងប្រទេសចិន ជុំវិញជម្លោះបូរណភាពដែនទឹក នៅក្នុងតំបន់។

នាយកដ្ឋានកិច្ចការបរទេស របស់ប្រទេសកូរ៉េខាងត្បូង ប្រចាំនៅក្រុងម៉ានីល បានថ្លែងក្នុងសេចក្ដីថ្លែងការ ដែលបានផ្សាយ នៅសប្ដាហ៍នេះថា “នាវាចម្បាំង Pohang Class ដែលនឹងត្រូវបញ្ឈប់ ការប្រើប្រាស់នៅចុងឆ្នាំ នឹងធ្វើអំណោយ ដល់ប្រទេសហ្វីលីពីន”។ វានៅមិនទាន់ច្បាស់នៅឡើយទេ ថាតើការផ្ដល់អំណោយនេះ នឹងរួមបញ្ចូលទាំងប្រព័ន្ធសព្វាវុធ នៅលើនាវានោះដែរឬយ៉ាងណា។

សេចក្ដីថ្លែងការណ៍ បានបន្ថែមថា “រដ្ឋមន្ត្រីការពារជាតិ កូរ៉េខាងត្បូងលោក Kim Kwang-Jin បានជូនដំណឹងដល់ សមភាគីហ្វីលីពីន របស់លោក លោក Voltaire Gazmin អំពីការធ្វើអំណោយនោះ ក្នុងអំឡុងពេល លោកទៅទស្សនកិច្ច នៅក្នុងសេអ៊ូល កាលពីថ្ងៃទី៣០ ខែឧសភា”។

សេចក្ដីថ្លែងការ បន្តឲ្យដឹងទៀតថា ការធ្វើអំណោយនេះ ធ្វើឡើងក្រោយពេលដែលកូរ៉េខាងត្បូង កាលពីពេលថ្មីៗនេះ បានឲ្យនាវាចម្លង Landing Craft និងកាណូតជ័រ១៦គ្រឿង ដល់ប្រទេសហ្វីលីពីន។ ការធ្វើអំណោយនេះ កើតមានឡើងចំពេល ដែលប្រទេសហ្វីលីពីន កំពុងតែប្រឈមមុខនឹង ការកើន សម្ពាធជាមួយ នឹងប្រទេសចិន ជុំវិញការទាមទារ របស់ពួកគេក្នុងតំបន់ជម្លោះ ក្នុងសមុទ្រចិនខាងត្បូង ។

ចិនទាមទារយកតំបន់ ទាំងអស់នៅក្នុងសមុទ្រ ចិនខាងត្បូង ទោះបីជាវាកៀកទៅ នឹងឆ្នេរសមុទ្រនៃ ប្រទេសជិតខាងរបស់ខ្លួន ក៏ដោយ ចំណែកឯហ្វីលីពីនបាន បង្កើនការចោទប្រកាន់ ប្រទេសជិតខាង ដ៏ធំរបស់ខ្លួន ជាបន្តបន្ទាប់ថា ប្រើវិធីសាស្ត្រជើងកាង ដើម្បីបង្ខំឲ្យ គេទទួលស្គាល់ ការទាមទាររបស់ខ្លួន។ ហ្វីលីពីនជាប្រទេសមួយ ដែលមាន កងទ័ពមិនមាន សព្វាវុធគ្រប់គ្រាន់ នៅក្នុងតំបន់នេះ កាលពីពេល ប៉ុន្មានឆ្នាំកន្លងទៅថ្មីៗនេះ បានកំពុងតែធ្វើទំនើបកម្ម សមត្ថភាពខាង ការពារជាតិរបស់ខ្លួន។

ហ្វីលីពីនក៏បាន ពង្រឹងចំណងទាក់ទង ផ្នែកការពារជាតិរបស់ខ្លួន ជាមួយនឹងកូរ៉េ ខាងត្បូងផងដែរ កាលពី ខែមីនា ដោយបាន ចុះហត្ថលេខា លើកិច្ចព្រមព្រៀង ទិញយន្តហោះចម្បាំង កូរ៉េខាងត្បូង FA 50 ចំនួន១២គ្រឿង ក្នុងតម្លៃ ៤២១,១២លានដុល្លារ៕