បណ្តាញសង្គម

ទឹកជំនន់​នៅ​ភាគខាងកើត​ប្រទេស​ចិន ផ្តាច់ជីវិត​មនុស្ស១៤នាក់ និងបង្កឲ្យខាតបង់​សេដ្ឋកិច្ច​១.៤៧ពាន់លានដុល្លារ!

  (សៀងហៃ)៖ គ្រោះទឹកជំនន់យ៉ាងធ្ងន់ធ្ងរ ដែលបង្កឡើងដោយ ព្យុះទីហ្វុង និងព្យុះត្រូពិច នៅខេត្តសានទុង (Shandong) ភាគខាងកើតប្រទេសចិន បានផ្តាច់ជីវិតមនុស្ស ១៤នាក់ ហើយបង្កការខាតបង់ ផ្នែកសេដ្ឋកិច្ច សម្រាប់ខែនេះប្រមាណ  ១.៤៧ពាន់លានដុល្លារ។

នេះបើតាមការដកស្រង់ ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃចន្ទ ទី២៧ ខែសីហា ឆ្នាំ២០១៨។ ជុំវិញគ្រោះមហន្តរាយដ៏អាក្រក់នេះ អាជ្ញាធរខេត្ត Shandong ត្រូវបានប្រជាជន ស្តីបន្ទោសថា  ពុំមានសមត្ថភាព ចាត់វិធានឆ្លើយតប បានរហ័សគ្រប់គ្រាន់ ចំពោះការព្រមានពីគ្រោះទឹកជំនន់ និងបរាជ័យ ក្នុងការបង្ហូរទឹកចេញពីទំនប់ទឹក ឲ្យទាន់ពេលវេលា។

ជារៀងរាល់ឆ្នាំ នៅអំឡុងប៉ុន្មានខែនេះ ប្រទេសចិនតែងត្រូវធ្វើការ ជម្លៀសខ្លួនប្រជាជនរាប់សែននាក់ នៅតាមតំបន់នានា  ដែលងាយនឹងរងគ្រោះទឹកជំនន់ ព្រមទាំងប្រើប្រាស់បណ្តាញ ទំនប់ទឹកដ៏ទូលំទូលាយរបស់ខ្លួន ដើម្បីព្យាយាមគ្រប់គ្រងកម្ពស់ទឹក។

គួរជម្រាបថា កាលពីខែកក្កដាកន្លងទៅ ទន្លេរហូតដល់ ២៤១ខ្សែ នៅក្នុងខេត្តចំនួន ២៤ បានជន់លិច និងបានបណ្តាលឲ្យ ខាតបង់សេដ្ឋកិច្ចចិន ជិត ០៤ពាន់លានដុល្លារ៕

ដកស្រង់ពី៖ Fresh News