បណ្តាញសង្គម

ប្រធានអង្គការសិទ្ធិមនុស្សរបស់ UN ទទូចឲ្យមីយ៉ាន់ម៉ា ដោះលែងអ្នកកាសែត Reuters ទាំងពីររូបជាបន្ទាន់

  (ហ្ស៊ឺណែវ)៖ ឧត្តមស្នងការជាន់ខ្ពស់ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស របស់អង្គការសហប្រជាតិ UNHRC លោកស្រី Michelle Bachelet បានចេញមុខអំពាវនាវយ៉ាងទទូច ដល់រដ្ឋាភិបាលមីយ៉ាន់ម៉ា ឲ្យធ្វើការដោះលែងអ្នកសែត០២រូប នៃទីភ្នាក់ងារព័ត៌មានអន្តរជាតិ  Reuters ដែលត្រូវបានតុលាការ នៃប្រទេសអាស៊ានមួយនេះ សម្រេចផ្តន្ទាទោស ឲ្យជាប់ពន្ធនាគារ  ដោយសារការធ្វើសេចក្តីរាយការណ៍ ទាក់ទិននឹងវិបត្តិជនជាតិរ៉ូហ៊ីងយ៉ា។

នេះបើតាមការដកស្រង់ ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅយប់ថ្ងៃចន្ទ ទី០៣ ខែកញ្ញា ឆ្នាំ២០១៨។ នាថ្ងៃចន្ទតុលាការ នៃទីក្រុងរ៉ង់ហ្គូន បានសម្រេចថា លោក វ៉ា ឡូណេ (Wa Lone) អាយុ ៣២ឆ្នាំ និង ក្យរ អឿអូ (Kyaw Soe Oo) អាយុ ២៨ឆ្នាំ ពិតជាបានល្មើសនឹងច្បាប់ ចែងពីព័ត៌មានសម្ងាត់ ជាតិមីយ៉ាន់ម៉ា កាលពីសម័យអាណានិគម  នៅពេលដែលពួកគេទាំងពីរ បានប្រមូល និងទទួលបានព័ត៌មាន ផ្ទៃក្នុងសំខាន់ៗ របស់ប្រទេសមីយ៉ាន់ម៉ា។

គួរជម្រាបថា នាពេលកន្លងមកនេះ អ្នកសារព័ត៌មានទាំង០២រូប ធ្លាប់បានឆ្លើយប្រាប់ តុលាការខាងលើថា មានមន្រ្តីប៉ូលិសមីយ៉ាន់ម៉ា ០២រូប បានប្រគល់ឯកសារមួយចំនួន មកឲ្យពួកគេ នៅឯភោជនីយដ្ឋានមួយកន្លែង  នៅភាគខាងជើង ក្រុងរ៉ង់ហ្គូន មុនពេលអាជ្ញាធរដទៃទៀត បានមកចាប់ឃាត់ខ្លួនអ្នកទាំងពីរ។

ជុំវិញរឿងនេះ សាក្សីជាប៉ូលិសម្នាក់បានអះអាងថា ការជួបគ្នានៅភោជនីយដ្ឋាន នាពេលនោះ  គឺជាគម្រោងការ ដែលរៀបចំឡើងជាអន្ទាក់ ដើម្បីរាំងស្កាត់ និងដាក់ពិន័យ ដល់អ្នកកាសែតទាំង ០២នាក់ ដែលបានរាយការណ៍ ពីការសម្លាប់រង្គាល លើជនជាតិមូស្លីមរ៉ូហ៊ីងយ៉ា៕

ដកស្រង់ពី៖ Fresh News