បណ្តាញសង្គម

ព្យុះកំណាច​នៅជប៉ុន «ផ្តាច់ជិវិតមនុស្ស​កើនដល់​១១នាក់ និងរបួស​៦១០នាក់»

 (តូក្យូ)៖ មនុស្សយ៉ាងតិច ១១នាក់ បានបាត់បង់ជីវិត និងជាង ៦០០នាក់បានរងរបួស  ដោយសារតែ ការវាយប្រហារ របស់ព្យុះទីហ្វុង ចេប៊ី (Jebi) ដែលបានមកដល់ ភាគខាងលិចប្រទេសជប៉ុន កាលពីម្សិលមិញ។

នេះបើតាមការដកស្រង់ ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅល្ងាចថ្ងៃពុធ ទី០៥ ខែកញ្ញា ឆ្នាំ២០១៨។ ក្នុងចំណោមតំបន់ ភាគខាងលិចជប៉ុន ខេត្តអូសាកា (Osaka) បានទទួលរងការ ប៉ះពាល់ធ្ងន់ធ្ងរជាងគេ ដោយសារគ្រោះមហន្តរាយធម្មជាតិនេះ  ខណៈមនុស្ស ០៨នាក់ក្នុងចំណោម ១១នាក់បានបង់ អាយុជីវិតនៅទីនោះ។

ជាមួយគ្នានេះដែរ មនុស្សសរុបចំនួន ៦១០នាក់ បានទទួលរងរបួស នៅតាមខេត្តចំនួន ២៨ ក្នុងចំណោមខេត្តទាំង ៤៧ នៃប្រទេសជប៉ុន។ គួរជម្រាបថា លំនៅឋានជាង ៩៨០ខ្នង បានរងការខូចខាត ខណៈប្រជាជនជប៉ុនជាង ១.២លាននាក់ នៅខេត្ត ជីហ្វ៊ូ (Gifu), អូសាកា (Osaka), មីអេ (Mie), និង អៃជិ (Aichi) នៅតែមិនទាន់មានអគ្គិសនីប្រើប្រាស់ ដោយសារការវាយលុករបស់ព្យុះ Jebi។

គិតត្រឹមល្ងាចថ្ងៃពុធនេះ ព្យុះទីហ្វុង Jebi ដែលត្រូវគេចាត់ទុកថា ជាព្យុះអាក្រក់បំផុត ដែលបានវាយប្រហារ ប្រទេសជប៉ុន  គិតក្នុងរយៈពេល ២៥ឆ្នាំក ន្លងទៅនេះ ហាក់បានថយចុះ ឥទ្ធិពលបន្តិចហើយ និងកំពុងបន្តបោកបក់ ឆ្ពោះទៅកាន់ភាគពាយ័ព្យ៕

ដកស្រង់ពី៖ Fresh News