បណ្តាញសង្គម

យន្តហោះទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិក បានហើររំលងលើសមុទ្រចិនខាងត្បូង ចំពេលការតានតឹងជាមួយទីក្រុងប៉េកាំងកាន់តែកើនឡើង

យោធាសហរដ្ឋអាមេរិក បានបង្ហោះយន្តហោះទំលាក់គ្រាប់បែក B-52 នៅក្នុងបរិវេណដែនសមុទ្រចិនខាងត្បូង នាសប្តាហ៏នេះ នេះបើតាមមន្រ្តីអាមេរិកប្រាប់កាសែតរ៉យទ័រ។ការផ្លាស់ប្តូរនេះ ដែលទំនងជាបង្កនូវការខឹងសម្បារពីសំណាក់ទីក្រុងប៉េកាំង ចំពេលការតានតឹងកាន់តែកើនឡើងរវាងប្រទេសទាំងពីរនេះ។

បើតាមសំដីវរសេនីយ៍ឯក ដែលជាអ្នកនាំពាក្យមន្ទីរប៉ង់តាហ្កន Pentagon បានឲ្យដឹងថា យន្តហោះ B-52 នេះ ហោះឆ្លងកាត់លើសមុទ្រចិនខាងត្បូង គឺជាផ្នែកនៃប្រតិបត្តិការ ដែលកំណត់ពេលទៀងទាត់ និងរៀបចំឡើង ដើម្បីពង្រឹងអន្តរប្រតិបត្តិការអាមេរិក ជាមួយដៃគូរ និងសម្ព័ន្ធមិត្តនៅក្នុងតំបន់។

ការហោះហើរបែបនេះ គឺជារឿងសាមញ្ញ ប៉ុន្តែជាធម្មតា គឺអាក់អន់ចិត្តដល់ទីក្រុងប៉េកាំង។ កាលពីខែមិថុនា ក្រសួងការបរទេសចិន បានឲ្យដឹងថា មិនមាននាវា ឬយន្តហោះអាមេរិកណាមួយ អាចបំភ័យប្រទេសចិន ពីការតាំងចិត្តក្នុងការការពារបូរណភាពទឹកដីរបស់ខ្លួនបានទេ បន្ទាប់ពីយន្តហោះទម្លាក់គ្រាប់បែក B-52 របស់អាមេរិក បានហោះជិតកោះមានជម្លោះ ក្នុងតំបន់សមុទ្រចិនខាងត្បូង។

សហរដ្ឋអាមេរិក និងចិន ជារឿយៗបម្រុងយោធូបនីយកម្ម របស់ខ្លួននៅសមុទ្រចិនខាងត្បូង ជាទីដែលប្រទេសចិន កោះតៃវ៉ាន់ ប្រទេសវៀតណាម ម៉ាឡេស៊ី ប្រុយណេ និងប្រទេសហ្វីលីពីន សុទ្ធតែអះអាងប្រកួតប្រជែងគ្នាដណ្តើមយក។

ប្រទេសចិន កាលពីពេលថ្មីៗមកនេះ បានច្រានចោលសំណើរនាវាចំបាំងអាមេរិកមួយគ្រឿង មកកាន់ទីក្រុងហុងកុង ចំពេលការកើនឡើងនូវភាពតានតឹងរវាងទីក្រុងប៉េកាំងនិងទីក្រុងវ៉ាស៊ីនតោន។