បណ្តាញសង្គម

ប្រទេសម៉ាឡេស៊ី គ្រោងលុបចោលច្បាប់ប្រហារជីវិត

រដ្ឋាភិបាលប្រទេសម៉ាឡេស៊ី បានសម្រេចលុបចោលច្បាប់ប្រហារជីវិត ហើយច្បាប់ពង្រាងត្រូវរំពឹងនឹងលើកមកពិភាក្សានាកិច្ចប្រជុំសភាលើកក្រោយ នេះបើតាមសេចក្តីរាយការណ៏របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក កាលពីថ្ងៃពុធម្សិលមិញ។

រដ្ឋមន្រ្តី ដែលទទួលបន្ទុកការងារច្បាប់ក្នុងអង្គភាពនាយករដ្ឋមន្រ្តី បានឲ្យ ដឹងថា បញ្ហានេះ ត្រូវបានពិភាក្សារួចហើយ នៅពេលគណះរដ្ឋមន្រ្តីជួបប្រជុំគ្នា កាលពីព្រឹក ថ្ងៃពុធ។

សម័យប្រជុំសភាលើកក្រោយ ចាប់ផ្តើមនៅថ្ងៃចន្ទ។

រដ្ឋមន្រ្តីខាងលើ ក៏បានអំពាវនាវឲ្យផ្អាករាល់ការកាត់ទោសទាំងអស់សិន ទាល់តែ ច្បាប់ប្រហារជីវិតត្រូវបានលុបចោល ប្រទេសម៉ាឡេស៊ី បច្ចុប្បន្ននេះ មានច្បាប់ប្រហារជីវិតសម្រាប់បទល្មើស នានា ដូចជា សម្លាប់ និងរត់ពន្ធគ្រឿងញៀន។

រដ្ឋាភិបាលប៉ាកាតង់ ហារ៉ាប៉ាន់ Pakatan Harapan បានឲ្យដឹងបន្ទាប់ពីទទួលជ័យជំនះ លើការបោះឆ្នោតជាតិនាខែឧសភា ថាខ្លួន អាចពិនិត្យឡើង វិញនូវការកាត់ទោស ប្រហារជីវិត និងច្បាប់សន្តិសុខជាតិនានាដែល “មិនសមស្រប”។

កាលពីខែមុន លោកនាយករដ្ឋមន្រ្តីម៉ាឡេស៊ី មហាធា មហាម៉ាត់ Mahathir Mohamad បានចេញមុខការពារបុរសម្នាក់ ដែលប្រឈមមុខនឹង ការកាត់ទោសប្រហារជីវិត ពីបទលក់ប្រេងកញ្ឆា ទៅឲ្យអ្នកជំងឺជាច្រើន ដោយនិយាយថា ការកាត់ទោសបុរសនោះ គួរត្រូវបានពិនិត្យឡើងវិញ។