បណ្តាញសង្គម

ប៉ូលីសក្រុងចូហ័រ បានរឹបអូសថ្នាំញៀន ឡានទំនើប គ្រឿងអលង្ការ និងលុយដែលមានតម្លៃរាប់លានរីងហ្កីត

ប៉ូលីសក្នុងក្រុងចូហ័រ Johor បានឃាត់ខ្លួនមនុស្ស១៤នាក់ និងរឹបអូសបានថ្នាំញៀន ទ្រព្យសម្បត្តិដែលពាក់ព័ន្ធនឹងគ្រឿងញៀន ដែលមានតម្លៃជាទឹកប្រាក់រាប់លានរីងហ្កីតម៉ាឡេស៊ី បន្ទាប់ពីការវាយឆ្មក់ក្នុងសង្កាត់ជាច្រើននៃរដ្ឋ កាលពីចុងសប្តាហ៏។

បុរសម៉ាឡេស៊ីចំនួន៩នាក់ បុរសឥណ្ឌូនេស៊ីម្នាក់ និងស្រ្តីម៉ាឡេស៊ី៤នាក់ ត្រូវបានឃាត់ខ្លួនក្នុងការវាយឆ្មក់ ដែលអនុវត្តន៍នៅរវាងថ្ងៃសុក្រ និងថ្ងៃអាទិត្យ។ ជនសង្ស័យ មានអាយុចន្លោះ២៦ឆ្នាំ និង៣៩ឆ្នាំ។

មាន គ្រឿងញៀនប្រភេទផ្សេងៗពីគ្នា មានតម្លៃ១លានដុល្លាររីងហ្កីត និងទ្រព្យសម្បត្តិ តម្លៃ២លានរីងហ្កីត ក៏ត្រូវបានរឹបអូសផងដែរ។ គ្រឿងញៀនទាំងនោះ រួមមាន ១៦គីឡូសង្ស័យជាម៉្សៅមេតាំហ្វេតាមីន ៦គីឡូហេរូអ៊ីន និង២៥០ក្រាម កេតាមីន អ៊ិចស្តាស៊ី៩៧គ្រាប់ យ៉ាបា១២គ្រាប់ និងអ៊ីរ៉ាមីន៥គ្រាប់។

ប៉ូលីស បានក៏រឹបអូសឡានស៊េរីទំនើបៗចំនួន៩គ្រឿង និងម៉ូតូយ៉ាម៉ាហាចំនួន១គ្រឿង។ បន្ថែមលើលុយសុទ្ធ១២៧.០០០រីងហ្កីត លុយឥណ្ឌូនេស៊ី៣៤.៥លានរូព្យ៉ា (ស្មើនឹង២.២០០ដុល្លារអាមេរិក) រួមទាំងនាឡិកា និងគ្រឿងអលង្ការជាច្រើន ក៏ត្រូវបានរឹបអូសផងដែរ។

ប៉ូលីសជឿថា គ្រឿងញៀនទាំងនោះ ត្រូវបានគេត្រៀមផ្គត់ផ្គង់ទៅឲ្យប្រទេសជិតខាង ហើយថាវាគ្រប់គ្រាន់សម្រាប់អ្នកញៀនថ្នាំចំនួន ៨៥.០០០នាក់ប្រើប្រាស់។