យ៉ាងហោចណាស់ មានមនុស្ស១៨នាក់បានស្លាប់ បន្ទាប់រថភ្លើងល្បឿនលឿនមួយខ្សែ បានងាកចេញពីផ្លូវដែក ហើយក្រឡាប់ចំតំបន់ឆ្នេរទេសចរណ៏ដ៏ពេញនិយមមួយ ក្នុងដែនកោះតៃវ៉ាន់កាលពីថ្ងៃអាទិត្យម្សិលមិញនេះ ដែលនេះជាគ្រោះថ្នាក់រថភ្លើងដ៏អាក្រក់បំផុតក្នុងរយះកាលច្រើនជាង២៥ឆ្នាំកន្លងមក។
បើតាមរូបភាពដែលផ្សាយតាមគេហទំព័រ រថភ្លើងល្បឿនលឿន ពូយូម៉ា Puyuma បានងាកចេញទាំងស្រុងពីខ្សែរត់ ហើយដួលច្រង៉ាងរេទៅ រេមកកាត់ផ្លូវដែក នៅតំបន់យីឡាន នៅភាគឥសាន្តប្រទេស។
ទូរថភ្លើងទាំង៨របស់រថភ្លើង បានទ្រេលចុះពីផ្លូវរត់ ហើយទូចំនួន៥ បានធ្លាក់ចុះអែបខាង ជិតស្ថានីយហ្សីនម៉ា Xinma នេះបើតាមការឲ្យដឹងពីរដ្ឋបាលអាយស្ម័យយាន្ត ដោយបន្ថែមថា មនុស្សចំនួន៣៦៦នាក់ បានជិះលើរថភ្លើងនោះ ដោយធ្វើដំណើរទីកាន់ទីក្រុងតៃទុង Taitung នាភាគខាងត្បូង។
អជ្ញាធរ បាននិយាយថា មនុស្ស១៧៥នាក់ បានរងរបួសក្នុងគ្រោះថ្នាក់នេះ ដែលកើតឡើងនៅម៉ោងជិត៥ល្ងាច ម៉ោងក្នុងស្រុក។
មកដល់ម៉ោង៩កន្លះ អ្នកដំណើរទាំងអស់ដែលជិះលើរថភ្លើងនោះ ទាំងអ្នកស្លាប់ និងរបួស ត្រូវបានគេជន្លៀសចេញ ឬនាំខ្លួនចេញពីគំនរបែកបាក់ នេះបើតាមរដ្ឋបាលអាយស្ម័យយាន្តតៃវ៉ាន់។