បណ្តាញសង្គម

ឥណ្ឌូណេស៊ី​ស្រង់​បានប្រអប់ខ្មៅយន្តហោះ​ ដែលធ្លាក់ក្នុង​សមុទ្រនោះ​ហើយ ខណៈមូលហេតុ​ធ្លាក់មិនទាន់មាន​ការបញ្ជាក់

(ហ្សាការតា)៖ អាជ្ញាធរឥណ្ឌូណេស៉ី នាថ្ងៃព្រហស្បតិ៍នេះ បានរកឃើញ និងស្រង់យកប្រអប់ខ្មៅមួយ ក្នុងចំណោមប្រអប់ខ្មៅទាំងពីរ (Flight Data Recorder និង Cockpit Voice Recorder) របស់យន្តហោះ អាកាសចរណ៍ក្នុងស្រុក Lion Air ដែលបានធ្លាក់ចូលក្នុងសមុទ្រ  កាលពីថ្ងៃចន្ទ ដើមសប្តាហ៍នេះ ជាមួយមនុស្ស ១៨៩នាក់ នោះហើយ។

នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨។ ខណៈប្រតិបត្តិការរុករក បានឈានចូលដល់ថ្ងៃទី ៤ ប្រអប់ខ្មៅខាងលើត្រូវបានរកឃើញ និងស្រង់ចេញពីផ្ទៃសមុទ្រ នាវេលាម៉ោង ១០៖១៥នាទីព្រឹក ថ្ងៃព្រហស្បតិ៍នេះ នៅតំបន់ដែលយន្តហោះធ្លាក់ ប៉ុន្តែមិនមានការបញ្ជាក់នៅឡើយទេថា ជាប្រអប់ខ្មៅផ្ទុកទិន្នន័យហោះហើរ  ដែលគេហៅថា Flight Data Recorder ឬក៏ប្រអប់ខ្មៅផ្ទុកសំឡេង ដែលគេហៅថា Cockpit Voice Recorder ។

គួរជម្រាបថា ក្រុមភ្នាក់ងារជួយសង្រ្គោះនិងរុករក បានផ្តោតសំខាន់ទៅលើការស្វែងរក ប្រអប់ខ្មៅទាំងពីររបស់យន្តហោះ  ខណៈដែលក្រុមអ្នកស៉ើបអង្កេត កំពុងព្យាយាមកំណត់មូលហេតុ ដែលបង្កឲ្យយន្តហោះ Boeing ស៊េរីថ្មីនេះធ្លាក់។ ដោយឡែក ការស្វែងរកសាកសពអ្នកដំណើរ និងសម្ភារៈជាច្រើននៃយន្តហោះ ក៏បាននិងកំពុងធ្វើឡើងព្រមគ្នាដែរ ឈានចូលដល់ថ្ងៃទី ៤ នៃការរុករកនេះ៕

ដកស្រង់ពី៖ Fresh News