បណ្តាញសង្គម

អាជ្ញាធរហ្វីលីពីន៖ នាអំឡុង​ខែវិច្ឆិកានេះ ព្យុះទីហ្វុង​យ៉ាងហោចណាស់​ចំនួនពីរ នឹងបោកបក់​មកលើប្រទេស​ហ្វីលីពីន!

(ម៉ានីល)៖ អាជ្ញាធរតាមដានអាកាសធាតុហ្វីលីពីន បានព្យាករណ៍ថា ប្រទេសហ្វីលីពីន អាចនឹងទទួលរងការវាយប្រហារ  ដោយព្យុះទីហ្វុងមួយ ឬពីរទៀតក្នុងខែវិច្ឆិកានេះ។

នេះបើតាមការដកស្រង់ការផ្សាយ ចេញពីទីភ្នាក់ងារព័ត៌មាន ចិន ស៉ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី០២ ខែវិច្ឆិកា ឆ្នាំ២០១៨។ បើតាមអ្នកជំនាញ ផ្នែកឧតុនិយមហ្វីលីពីន ជាទូទៅនាអំឡុងពេលចុងឆ្នាំបែបនេះ ព្យុះទីហ្វុងភាគច្រើន តែងវាយលុកលើតំបន់ភាគកណ្តាល  និងភាគខាងត្បូង ប្រទេសហ្វីលីពីន ហើយពួកវានឹងវិវត្តន៍ខ្លួនឡើង នៅលើមហាសមុទ្រប៉ាស៉ីហ្វិក ឬនៅក្នុងដែនសមុទ្រ នៃប្រទេសហ្វីលីពីនតែម្តង។

គួរជម្រាបថា ថ្មីៗនេះព្យុះទីហ្វុងឈ្មោះថា យូទូ (Yutu) ដែលបានសម្លាប់ជីវិតមនុស្សយ៉ាងតិច ១៥នាក់ និងធ្វើឲ្យជាច្រើននាក់ទៀត បាត់ខ្លួននោះ ទើបតែបានចាកចេញពីទឹកដីហ្វីលីពីន កាលពីថ្ងៃពុធសប្តាហ៍មុនប៉ុណ្ណោះ។

បើតាមអ្នកជំនាញ ហ្វីលីពីនតែងទទួលរងគ្រោះ ពីព្យុះទីហ្វុងកម្រិតធ្ងន់ នាអំឡុងត្រីមាសចុងក្រោយ ជារៀងរាល់ឆ្នាំ។ ព្យុះទីហ្វុង Yutu គឺជាព្យុះទីហ្វុងទី ១៨ ដែលបានវាយប្រហារ លើហ្វីលីពីនក្នុងឆ្នាំ២០១៨ ខណៈប្រទេសអាស៊ាននេះ  ជាធម្មតារងការវាយលុក ពីព្យុះទីហ្វុងជាមធ្យមចំនួន ២០ ពីមួយឆ្នាំទៅមួយឆ្នាំ៕

ដកស្រង់ពី៖ Fresh News