បណ្តាញសង្គម

ជប៉ុនចោទប្រកាន់ចិន បើកបរយន្តហោះ ដោយគ្មានការប្រុងប្រយ័ត្ន បង្កការគ្រោះថ្នាក់

តូក្យូ៖ ប្រទេសជប៉ុន បានចោទប្រកាន់ប្រទេសចិន ដែលបានបើកបរយន្តហោះ ដោយគ្មានការប្រុង ប្រយ័ត្ន និងប្រកបដោយគ្រោះថ្នាក់ ដោយបានបើកប្រកៀកនឹងយន្តហោះយោធា ពីរគ្រឿងរបស់ខ្លួន នៅដែនសមុទ្រចិន ភាគខាងកើត ស្របពេលដែលភាពតានតឹងទ្វេភាគី កំពុងកើតមានឡើង ដោយសារ ជម្លោះដណ្តើមកោះ ។

យន្តហោះរបស់ចិន ពីរគ្រឿង បានបើកបរ ក្នុងចម្ងាយប្រមាណជា ៣០ម៉ែត្រ ពីឧទ្ធម្ភាគចក្រ ការពារជាតិ របស់ជប៉ុន នៅវេលាម៉ោង១១ព្រឹក ម៉ោងក្នុងតំបន់។ នេះបើយោងតាមការលើកឡើង របស់រដ្ឋមន្ត្រីការ ពារជាតិ រដ្ឋាភិបាលក្រុងតូក្យូ ។ រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Itsunori Onodera បានថ្លែងថា ក្រសួងការពារជាតិ បានដាក់ចេញ នូវ សេចក្តីថ្លែងការណ៍តាមផ្លូវទូត ទៅកាន់ប្រទេសចិន ដើម្បីសម្តែងការតិះទៀន ទាក់ទងនឹងហេតុការណ៍ នេះ ។

សូមជំរាបថា នេះជាលើកទីពីរ សម្រាប់រយៈពេលមិនដល់បីសប្តាហ៍ផងដែរ រដ្ឋាភិបាលក្រុង តូក្យូ បានចោទប្រកាន់រដ្ឋាភិបាលក្រុងប៉េកាំង ទាក់ទងនឹងការបើកបរយន្តហោះប្រជែង ជាមួយយន្តហោះ យោធាជប៉ុន ប្រកបដោយគ្រោះថ្នាក់ ។ ហេតុការណ៍នេះ បានកើតឡើង នៅលើផ្ទៃសមុទ្រក្បែរដែនទឹកជម្លោះ ដែលប្រទេសចិន បានប្រកាសថា នេះជាដែនអធិបតេយ្យភាពរបស់ខ្លួន ស្របពេលដែលជប៉ុន ក៏បានប្រកាសថា ជាកម្មសិទ្ធរបស់ជប៉ុន ដូចគ្នា ៕