បណ្តាញសង្គម

សភាថៃ គំរាមបោសសម្អាត កម្មករអន្តោប្រវេសន៍ ខុសច្បាប់ទាំងអស់

បាងកក៖ គេហទំព័រព័ត៌មានសិង្ហបុរី Channel News Asia កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៤ បានចេញ ផ្សាយឲ្យដឹងថា សភាថៃ បានប្រកាសគំរាមចាប់ខ្លួន ព្រមទាំងនិរទេស កម្មករបរទេស ខុសច្បាប់ទាំងអស់ ស្របពេល ដែលមន្ត្រីតាមបន្ទាត់ព្រំដែន បានរាយការណ៍ថា មានប្រជាពលរដ្ឋកម្ពុជា ជាជនអន្តោប្រវេសន៍ ខុសច្បាប់ ក៏បានភៀសខ្លួន ទៅកាន់ប្រទេស កំណើតវិញ បន្ទាប់ពីការឡើងកាន់ អំណាចរបស់យោធាថៃ កាលពីខែឧសភា កន្លងទៅនេះ។

កម្មករនៅប្រទេសថៃ ភាគច្រើនមកពីប្រទេសជិតខាង រួមមានប្រទេស កម្ពុជា ឡាវ និង ភូមា ដែលបានដើរតួនាទី សំខាន់ក្នុង ការបំពេញការងារ ក្នុងប្រទេសថៃ ក្នុងផ្នែកជាច្រើន ដូចជាផ្នែកអាហារសមុទ្រ កសិកម្ម និង ការងារ សំណង់ជាដើម ប៉ុន្តែពួកគេភាគច្រើន មិនមានលិខិតអនុញ្ញាត ឲ្យបំពេញការងារ ស្របច្បាប់នោះទេ។

ចាប់ពីពេលនេះតទៅ រាល់ក្រុមអន្តោប្រវេសន៍ ខុសច្បាប់ ដែលរកឃើញនៅក្នុងប្រទេសថៃ នឹងត្រូវចាប់ខ្លួន និងនិរទេស ទៅប្រទេសកំណើត របស់ខ្លួនវិញ។ នេះជាការលើកឡើង របស់លោកស្រី Sirichan Ngathong។

អ្នកនាំពាក្យរូបនេះបន្តថា រដ្ឋាភិបាលយោធាថៃ សម្លឹងឃើញថា អ្នកធ្វើការខុសច្បាប់ បានបង្កជាបញ្ហាមួយ ព្រោះ បច្ចុប្បន្ន អ្នកធ្វើការបែបនេះ មានច្រើន ហើយមិនមានវិធានការ ច្បាស់លាស់នៅឡើយ ដើម្បីគ្រប់គ្រងពួកគេ ដែលនេះ ជាកតា្តមួយ នាំទៅរកវិបត្តិក្នុងសង្គម។

សូមជំរាមថា ចាប់តាំងពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៤កន្លងទៅនេះ មានកម្មករ ជាជនជាតិខ្មែរ រហូតដល់១០ពាន់ នាក់ ដែលបានធ្វើដំណើរវិល ទៅរកប្រទេសកំណើតខ្លួនវិញ។ នេះបើយោងតាម ការលើកឡើងរបស់ លោក Neth  Serey មន្ត្រីស្ថានកុងស៊ុល កម្ពុជាប្រចាំនៅខេត្តស្រះកែវ ជាប់បន្ទាត់ព្រំដែន ប្រទេសកម្ពុជា-ថៃ៕