បណ្តាញសង្គម

មហន្តរាយកាន់តែធ្ងន់ធ្ងរ! ប្រទេសឈីលីត្រៀមបញ្ជូនយន្តហោះយោធា ទៅដឹកប្រជាជនខ្លួនពីវេណេស៊ុយអេឡាត្រឡប់មកវិញ!

(សាន់ទីអាហ្គោ)៖ រដ្ឋាភិបាលឈីលី បានប្រកាសថា ខ្លួននឹងបញ្ជូនយន្តហោះយោធាមួយគ្រឿង ទៅកាន់វេណេស៊ុយអេឡា នាចុងខែវិច្ឆិកានេះ  ដើម្បីជម្លៀសពលរដ្ឋរបស់ខ្លួន ត្រឡប់មកវិញ ដោយសារតែស្ថានភាព កាន់តែដុនដាប នៃវិបត្តិមនុស្សធម៌  នៅក្នុងប្រទេស អាមេរិកឡាទីនមួយនេះ។

នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មានរុស្ស៉ី Sputnik នៅព្រឹកថ្ងៃអង្គារ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨។

រដ្ឋមន្រ្តីការបរទេសឈីលី លោក រ៉ូប៊ឺតូ អាំភឺរ៉ូ (Roberto Ampuero) បាននិយាយថា  វិបត្តិមនុស្សធម៌ កាន់តែធ្ងន់ធ្ងរខ្លាំង នៅក្នុងប្រទេសវេណេស៊ុយអេឡា បានបង្ខំឲ្យពលរដ្ឋឈីលីជាច្រើននាក់ ស្នើសុំវិលត្រឡប់មកកាន់ប្រទេសកំណើតវិញ  ដោយសារតែពួកគេ ត្រូវប្រឈមមុខ បញ្ហាលំបាកជាច្រើន ក្នុងការរស់នៅទីនោះ។លោក Ampuero បានបញ្ជាក់ថា «ដូច្នេះរដ្ឋាភិបាលឈីលី នឹងជួយសម្រេចបំណងពួកគេ»។

បើតាមប្រមុខការទូតឈីលី កន្លងមកពលរដ្ឋឈីលីចំនួន ៧៥នាក់ ត្រូវបានជួយឲ្យត្រឡប់ មកកាន់ប្រទេសកំណើតវិញនោះ  ខណៈនៅសល់ សំណើជាង២០០នាក់ផ្សេងទៀត ដែលចង់ចាកចេញពីវេណេស៊ុយអេឡា មកឈីលីវិញ។ លោក Ampuero បាននិយាយថា ការនាំយកពលរដ្ឋខ្លួន មកវិញនឹងប្រព្រឹត្តទៅ នៅចន្លោះសប្តាហ៍ទី ៣ និងទី ៤ នៃខែវិច្ឆិកានេះ។

គួរជម្រាបថា វេណេស៊ុយអេឡា កំពុងប្រឈមនឹងវិបត្តិនយោបាយ ក៏ដូចជាសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ  ដែលបង្កឡើងដោយ ការធ្លាក់ចុះតម្លៃប្រេង ព្រមទាំងចំណូលរដ្ឋាភិបាល។ ការហក់ឡើងខ្លាំងនៃអតិផរណា  និងកង្វះខាត មុខទំនិញផ្គត់ផ្គង់ទីផ្សារ បានបង្កផ្ទុះការធ្វើបាតុកម្មធំៗ នៅទូទាំងប្រទេស ខណៈប្រជាជនវេណេស៊ុយអេឡាផ្ទាល់ រាប់សែននាក់ កំពុងព្យាយាមគេចចេញពីបញ្ហាដ៏លំបាកនេះ  តាមរយៈការភៀសខ្លួនទៅក្រៅប្រទេស៕

ដកស្រង់ពី៖ Fresh News