បណ្តាញសង្គម

នុស្ស​ស្លាប់ក្នុងរដ្ឋ​កាលីហ្វ័រញ៉ា​កើនដល់​៤៨នាក់ ខណៈ​ភ្លើងឆេះព្រៃ Camp Fire នៅតែបន្ត​រីករាលដាល

 (អាមេរិក)៖ សាកសពជនរងគ្រោះចំនួន ០៦នាក់ថែមទៀត ក្នុងករណីភ្លើងឆេះព្រៃ នៅភាគខាងជើង រដ្ឋកាលីហ្វរញ៉ា  ត្រូវបានរកឃើញ ដោយក្រុមអ្នករុករក ហើយប្រការនេះ បានធ្វើឲ្យចំនួនមនុស្សស្លាប់សរុប ដោយសារតែភ្លើងឆេះព្រៃ ឈ្មោះថា Camp Fire កើនឡើងដល់  ៤៨នាក់ហើយ និងជាចំនួនច្រើនបំផុត មិនធ្លាប់មាននោះឡើយ ក្នុងប្រវត្តិសាស្ត្រ។

នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន NBC News នៅព្រឹកថ្ងៃពុធ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨។

សាកសពមនុស្ស ០៦នាក់ បន្ថែមខាងលើ ត្រូវបានរកឃើញ នៅក្នុងលំនៅឋាន ក្នុងបរិវេណនៃទីក្រុង ផារ៉ាដាយស៍ (Paradise) ដែលបានរងការបំផ្លិចបំផ្លាញ យ៉ាងធ្ងន់ធ្ងរ ពីភ្លើងឆេះព្រៃ Camp Fire ដែលបានរីករាលដាលឡើង កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ហើយឥឡូវនេះ វាត្រូវគេចាត់ទុកថា  ជាភ្លើងឆេះព្រៃ ដែលការខូចខាតខ្លាំង និងសម្លាប់មនុស្ស ច្រើនជាងគេបង្អស់ នៅក្នុងប្រវត្តិសាស្រ្ត ភ្លើងឆេះព្រៃ របស់រដ្ឋកាលីហ្វរញ៉ា។

គិតត្រឹមយប់ ថ្ងៃអង្គារសប្តាហ៍នេះ Camp Fire បានដុតបំផ្លាញផ្ទៃដីទំហំជាង ៥២,០០០ហិកតា និងត្រូវគ្រប់គ្រងបានតែ  ៣៥ភាគរយប៉ុណ្ណោះ។ ទន្ទឹមនឹងនេះ នៅភាគខាងត្បូង រដ្ឋកាលីហ្វរញ៉ាក្បែរទីក្រុង ឡូសអាន់ជែឡេស (Los Angeles) ក៏មានការវាយប្រហារ  ពីសំណាក់ភ្លើងឆេះព្រៃចំនួន ០២ផងដែរ គឺ Woolsey Fire និង Hill Fire។

Woolsey Fire បានផ្តាច់ជីវិតមនុស្ស ០២នាក់ និងបានបំផ្លាញផ្ទៃដីទំហំជិត ៤០,០០០ម៉ឺនហិកតា ព្រមទាំងលំនៅឋាន និង សំណង់អគារផ្សេងៗយ៉ាងតិច ៤៣៥ខ្នង ហើយវាកំពុងនៅតែបន្តឆាបឆេះដដែល។ ចំណែក Hill Fire បន្ទាប់ពីឆាបឆេះផ្ទៃដីជិត ២,០០០ហិកតា និងបំផ្លាញសំណង់អគារមួយចំនួនតូច ចាប់តាំងពីថ្ងៃព្រហស្បតិ៍ សប្តាហ៍មុនមក វាត្រូវភ្នាក់ងារពន្លត់អគ្គីភ័យ គ្រប់គ្រងបាន ៩០ភាគរយ។

គួរជម្រាបថា Camp Fire បានក្លាយជាភ្លើងឆេះព្រៃ ផ្តាច់ជីវិតមនុស្សច្រើនបំផុត ក្នុងប្រវត្តិសាស្រ្ត រដ្ឋកាលីហ្វរញ៉ា ខណៈកាលពីមុន គឺភ្លើងឆេះព្រៃឈ្មោះថា Griffith Park Fire ដែលបានសម្លាប់មនុស្ស ២៩នាក់ កាលពីឆ្នាំ១៩៣៣។

សម្រាប់ភ្លើងឆេះព្រៃ ដែលសម្លាប់មនុស្សច្រើនបំផុត នៅសហរដ្ឋអាមេរិកទាំងមូលវិញនោះ គឺ Peshtigo Fire ដែលបានកើតឡើង កាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ១៨៧១ នៅរដ្ឋ Wisconsin ដោយមានមនុស្សបាត់បង់ជីវិតតិចបំផុត ប្រហែល១,៥០០នាក់ និង ច្រើនបំផុតរហូតដល់ ២,៥០០នាក់៕

ដកស្រង់ពី៖ Fresh News