បណ្តាញសង្គម

សហរដ្ឋអាមេរិក៖ នៅតែគ្មានភស្តុតាងគ្រប់គ្រាន់​បញ្ជាក់ថា ព្រះអង្គម្ចាស់​រាជទាយាទ​អារ៉ាប៊ីសាអូឌីត ជាអ្នកបញ្ជាឲ្យសម្លាប់​អ្នកកាសែត Khashoggi

(សិង្ហបុរី)៖ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ចន បូលតុន (John Bolton) បាននិយាយថា  ខ្សែអាត់សំឡេង នៃការធ្វើឃាតអ្នកកាសែត ជនជាតិអារ៉ាប៊ីសាអូឌីត លោក Jamal Khashoggi គឺពុំមានភស្តុតាងជាក់លាក់ណាមួយ  ដែលអាចបញ្ជាក់ថា ព្រះអង្គម្ចាស់ស្នងរាជ្យ អារ៉ាប៊ីសាអូឌីត មហាំម៉េដ ប៊ីន សាល់ម៉ាន់ (Mohammed bin Salman) មានជាប់ពាក់ព័ន្ធ ក្នុងរឿងនេះឡើយ។

នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មានរុស្ស៉ី Sputnik នៅព្រឹកថ្ងៃពុធ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨។

ការគូសបញ្ជាក់របស់លោក Bolton ត្រូវបានធ្វើឡើងបន្ទាប់ពី សារព័ត៌មានអាមេរិក New York Times បានចុះផ្សាយថា តួកគីបានចែករំលែក ខ្សែអាត់សំឡេងខាងលើ  ជាមួយប្រទេសមួយចំនួន រួមមានទាំងសហរដ្ឋអាមេរិកជាដើម  ដោយក្នុងនោះគេបានលឺសំឡេង បុគ្គលម្នាក់ក្នុងចំណោមក្រុមឃាតក ដែលបានសម្លាប់លោក Khashoggi និយាយទូរស័ព្ទប្រាប់បុគ្គលម្នាក់ទៀតថា «ប្រាប់ចៅហ្វាយរបស់លោកទៅថា  បេសកកម្ម បានបញ្ចប់ដោយជោគជ័យហើយ»។

សារព័ត៌មាន New York Times បានអះអាងទៀតថា ក្រុមមន្រ្តីស៊ើបការណ៍សម្ងាត់អាមេរិកជឿជាក់ថា ពាក្យថា «ចៅហ្វាយ» នោះសំដៅទៅលើព្រះអង្គម្ចាស់ Bin Salman ហើយបុគ្គលដែលបានហៅទូរស័ព្ទនោះ គឺជាអតីតអង្គរក្សរបស់ព្រះអង្គម្ចាស់ឈ្មោះ ម៉ាហឺ អាប់ឌុលឡាស៊ីស មូត្រេប (Maher Abdulaziz Mutreb)។

កន្លងទៅនេះ អាជ្ញាធរតួកគី បានឲ្យដឹងថា លោក Khashoggi គ្រាន់តែឈានជើង ចូលដល់ក្នុង ស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌីត នៅទីក្រុងអ៊ីស្តង់ប៊ុល កាលពីថ្ងៃទី០២ ខែតុលា ដើម្បីយកឯកសារ ត្រៀមរៀបអាពាហ៍ពិពាហ៍ ត្រូវបានគេសម្លាប់ភ្លាមៗ  ខណៈសាកសពរបស់លោក ត្រូវកាត់ជាកង់ៗ ហើយយកទៅបោះចោល មិនដឹងនៅទីណាឡើយ។

ប្រធានាធិបតីតួកគី ក៏បានលើកឡើងផងដែរថា ករណីឃាតកម្មនេះ ត្រូវបានធ្វើឡើងក្រោមការបញ្ជាពីថ្នាក់លើ ក្នុងជួររដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត ប៉ុន្តែពុំបានធ្វើការចោទប្រកាន់ចំៗណាមួយឡើយ។

កាលពីខែមុនអារ៉ាប៊ីសាអូឌីត បានប្រកាសថា ជនសង្ស័យចំនួន ១៨នាក់ ត្រូវបានចាប់ខ្លួន ក្នុងផ្នែកកិច្ចការស៊ើបអង្កេត នៃសំណុំរឿងលោក Khashoggi។អាជ្ញាធរអារ៉ាប៊ីសាអូឌីត បានបដិសេធថា រាជវង្សអារ៉ាប៊ីសាអូឌីត ពុំមានជាប់ពាក់ព័ន្ធ ក្នុងហេតុការណ៍នេះឡើយ៕

ដកស្រង់ពី៖ Fresh News