បណ្តាញសង្គម

អូស្ត្រាលី៖ គ្រប់មធ្យោបាយធ្វើដំណើរត្រូវផ្អាក​ ដោយសារ​ភ្លៀងធ្លាក់យ៉ាងគំហុក និងគ្រោះទឹកជំនន់ក្នុង​ទីក្រុង​ស៊ីដនី

(ស៉ីដនី)៖ ជើងហោះហើរជាច្រើន ត្រូវបានលុបចោល រីឯផ្លូវដែក និងផ្លូវថ្នល់មួយចំនួន ត្រូវផ្អាកសកម្មភាព ជាបណ្ដោះអាសន្ន  ដោយសារតែភ្លៀងធ្លាក់ខ្លាំង បង្កជាទឹកជំនន់ ក្នុងទីក្រុងស៉ីដនី នៅថ្ងៃពុធនេះ។

នេះបើតាមអាជ្ញាធរអូស្រ្ដាលី ដកស្រង់ដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃពុធ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨។ អាជ្ញាធរអូស្រ្ដាលី បានឱ្យដឹងទៀតថា ភ្លៀងធ្លាក់លាយឡំជាមួយផ្គររន្ទះ បានបង្កភាពចលាចល នៅក្នុងទីក្រុងស៉ីដនី  ស្របពេលទឹកភ្លៀង នៅតាមតំបន់ខ្លះ នៃទីក្រុងមួយនេះ ហក់ឡើងដល់ ៧៣មីលីម៉ែត្រ ក្នុងរយៈពេលតែ ជាងមួយម៉ោងប៉ុណ្ណោះ។

ប៉ុន្តែបើតាមទម្លាប់ កម្ពស់ទឹកភ្លៀង នៅក្នុងទីក្រុងស៉ីដនី នៅខែវិច្ឆិកានេះ គឺមានកម្រិត ៨៤មីលីម៉ែត្រ។ ដោយឡែកក្រុមហ៊ុនផ្គត់ផ្គង់អគ្គិសនី ក៏បានរាយការណ៍ដែរថា ប្រជាជនប្រមាណ ៣,៥០០នាក់ កំពុងស្នាក់នៅ ដោយអត់អគ្គីសនីប្រើប្រាស់  ខណៈជើងហោះហើរជាច្រើន ត្រូវបានលុបចោល។

គួរជម្រាបថា បើតាមអាជ្ញាធរ ឧតុនិយមអូស្រ្តាលី ភ្លៀងធ្លាក់ខ្លាំងអាចនឹងថមថយកម្លាំង តែវាអាចនឹងបន្តធ្លាក់រលឹមៗនៅថ្ងៃពុធនេះ៕

ដកស្រង់ពី៖ Fresh News