បណ្តាញសង្គម

សារព័ត៌មាន RT៖ «វាសនាខុសគ្នារវាងក្រុមតវ៉ាប្រឆាំងរដ្ឋាភិបាលបារាំងបច្ចុប្បន្ន និងក្រុមប្រឆាំងអតីតរដ្ឋាភិបាលអ៊ុយក្រែនដែលស្និទ្ធរុស្ស៊ី...»

  (ម៉ូស្គូ)៖ នៅពេលដែលបាតុកម្ម ដ៏ហិង្សាផ្ទុះឡើង កាលពីឆ្នាំ២០១៣ ក្នុងប្រទេសអ៊ុយក្រែន បណ្ដាអ្នកវិភាគ និងមេដឹកនាំលោកខាងលិចជាច្រើន សុទ្ធតែបានបង្ហាញការគំាទ្រ ដល់ក្រុមបាតុករ ប្រឆាំងអតីតរដ្ឋាភិបាល  ដែលស្និទ្ធនឹងរុស្ស៊ី របស់អតីតប្រធានាធិបតី អ៊ុយក្រែន លោក វិកទ័រ យ៉ាណូកូវិច (Viktor Yanukovych)។

ប៉ុន្តែស្របពេលរដ្ឋាភិបាលបារាំង កំពុងប្រឈមមុខនឹងមហាបាតុកម្ម ពួកគេបែរជាបង្ហាញគោលជំហរ ប្រឆាំង ចំពោះក្រុមបាតុករបារាំងទៅវិញ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន RT (Russian Today) នៅព្រឹកថ្ងៃអង្គារ ទី០៤ ខែធ្នូ ឆ្នាំ២០១៨។ 

សារព័ត៌មានរុស្ស៉ី Russian Today នៅក្នុងអត្ថបទរបស់ខ្លួន បានលើកឡើងទៀតថា កាលពីឆ្នាំ២០១៣  បណ្ដារដ្ឋាភិបាល នៃលោកខាងលិច រួមមានទាំងបារាំង បានថ្កោលទោសយ៉ាងខ្លាំង ចំពោះវិធានការ របស់រដ្ឋាភិបាលអ៊ុយក្រែន លើក្រុមបាតុករ  ហើយថែមទាំង ហៅក្រុមបាតុករអ៊ុយក្រែន ជាក្រុមធ្វើបដិវត្តន៍ទៀតផង។

ប៉ុន្តែក្នុងពេលបច្ចុប្បន្ន រដ្ឋាភិបាល និងអ្នកវិភាគលោកខាង លិខបែរជានាំគ្នាថ្កោលទោស ក្រុមបាតុករអាវកាក់ពណ៌លឿង  ហើយជម្រុញឱ្ យប្រធានាធិបតីបារាំងលោក ម៉ាក្រុង ចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ទប់ទល់នឹងក្រុមបាតុករទៅវិញ។ លើសពីនេះទៅទៀត  បណ្ដាប្រព័ន្ធផ្សព្វផ្សាយអឺរ៉ុបខ្លះ ថែមទាំងហៅក្រុមបាតុករបារាំងថា ជាកុប្បករ ខណៈពួកគេធ្លាប់ចាត់ទុកថា  ក្រុមបាតុករអ៊ុយក្រែន ជាអ្នកបដិវត្តន៍។

គួរបញ្ជាក់ថា សារព័ត៌មានរុស្ស៉ី Russian Today ក៏បានស្រង់មតិមួយចំនួន របស់អ្នកលេង Twitter ផងដែរ ដោយមានអ្នកខ្លះ បញ្ចេញមតិថា  កាលពីបាតុកម្មនៅក្នុងប្រទេសស៉ីរី អ៊ីរ៉ាក់ អ៊ីរ៉ង់ និងអ៊ុយក្រែន  រដ្ឋាភិបាលលោកខាងលិច សុទ្ធតែគាំទ្រក្រុមបាតុករ ហើយចាត់ទុកថា វាគឺជាបដិវត្តន៍ ចុះហេតុអ្វីនៅពេលនេះ ពួកគេមិនអាចចាត់ទុកថា បាតុកម្មនៅបារាំងជាបដិវត្តន៍ដែរ៕

ដកស្រង់ពី៖ Fresh News