បណ្តាញសង្គម

ពិធី​បុណ្យសព​អតីតប្រធានាធិបតីអាមេរិក ចច ប៊ូស ត្រូវប្រារព្ធឡើង​​ក្រោមវត្តមាន​​ចូលរួម ​ពីបណ្តាថ្នាក់ដឹកនាំជាន់ខ្ពស់​ទាំងជាតិ និង​​អន្តរជាតិ

(វ៉ាស៊ីនតោន)៖ ពិធីបុណ្យសព ត្រូវបានរៀបចំឡើង សម្រាប់អតីតប្រធានាធិបតីអាមេរិក លោក ចច ប៊ូស (George H.W. Bush) នៅឯព្រះវិហារ Washington National Cathedral ក្នុងរដ្ឋធានីវ៉ាស៊ីនតោន  ដោយមានការចូលរួមសម្តែងក្តីគោរព ពីសំណាក់មេដឹកនាំពិភពលោកជាច្រើនរូប រួមទាំងប្រធានាធិបតី អតីតប្រធានាធិបតី និងមន្ត្រីអាមេរិក ជាច្រើនរូបផងដែរ។

នេះបើតាមការដកស្រង់ ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៦ ខែធ្នូ ឆ្នាំ២០១៨។ អតីតប្រធានាធិបតី  និងជំទាវទីមួយ អាមេរិកទាំង ៤រូប គឺលោក បារ៉ាក់ អូបាម៉ា និងលោកស្រី មីឈែល លោក ប៊ីល គ្លីនតុន និងលោកស្រី ហ៊ីលឡារី និងលោកស្រី ជីមមី ខាធើ និងលោកស្រី រ៉ូសាលីន និងចុងក្រោយគឺលោក ចច ដាប់ប៊ែលយូ ប៊ូស និងលោកស្រី ឡារ៉ា (ត្រូវជាកូន និងកូនប្រសារ) សុទ្ធតែមានវត្តមាន ក្នុងពិធីខាងលើ។

សម្រាប់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងលោកស្រី មេឡានា ក៏បានបង្ហាញវត្តមាន  ដើម្បីសម្តែងការគោរព នាពិធីបុណ្យសពនេះផងដែរ។ ក្រៅពីមេដឹកនាំ និងអតីតមេដឹកនាំអាមេរិក ក៏នៅមានវត្តមាន ថ្នាក់ដឹកនាំមកពីក្រៅប្រទេស ជាច្រើនទៀត  រួមមានដូចជា ព្រះអង្គម្ចាស់ប្រទេសវែលស៍ អធិកាបតីអាល្លឺម៉ង់ ព្រះមហាក្សត្រហ៊្សកដានី និងអតីតនាយករដ្ឋមន្រ្តី កាណាដាជាដើម។

គួរជម្រាបថា លោក George H.W. Bush បានទទួលមរណភាព នាថ្ងៃសុក្រសប្តាហ៍មុន ក្នុងជន្មាយុ ៩៤នាក់ ដោយសារជំងឺម៉្យាង ទាក់ទងនឹង សរសៃប្រសាទខួរក្បាល។ សពលោកនឹងត្រូវយកទៅបញ្ចុះ នៅរដ្ឋតិចសាស់ ជាមួយភរិយារបស់លោក គឺលោកស្រី បាបារ៉ា ដែលបានទទួលមរណភាព កាលពីខែមេសា កន្លងទៅ។

លោក ចច ប៊ូស ត្រូវបានគេចាត់ទុកថា ជាប្រធានាធិបតីអាមេរិក ដែលកាន់អំណាចបានមួយអាណត្តិ ដ៏ល្អបំផុតពីឆ្នាំ១៩៨៩ ដល់ឆ្នាំ១៩៩៣៕

ដកស្រង់ពី៖ Fresh News