បណ្តាញសង្គម

ចិនអំពាវនាវ​ឲ្យកាណាដា «ដោះលែង​កូនស្រីប្រធានក្រុមហ៊ុន Huawei ជាបន្ទាន់» ក្រោយការ​ចាប់ខ្លួន​ដោយសង្ស័យ​រឿងបំពាន​ទណ្ឌកម្ម​អាមេរិក!

(ប៉េកាំង)៖ ស្ថានទូតចិន ប្រចាំប្រទេសកាណាដា បានជម្រុញឱ្យអាជ្ញាធរកាណាដា ដោះលែងអនុប្រធាន និងជាប្រធានផ្នែកហិរញ្ញវត្ថុ ក្រុមហ៊ុន Huawei លោកស្រី ម៉េង វ៉ានចូវ (Meng Wanzhou) ជាបន្ទាន់ ក្រោយកូនស្រីម្ចាស់ក្រុមហ៊ុនរូបនេះ ត្រូវបានចាប់ខ្លួន នៅក្នុងទីក្រុង វែនខូវើ (Vancouver) កាលពីដើមខែធ្នូកន្លងទៅ ពីបទសង្ស័យថា បានរំលោភបំពាន លើទណ្ឌកម្មអាមេរិក ប្រឆាំងអ៊ីរ៉ង់។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CGTN នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៦ ខែធ្នូ ឆ្នាំ២០១៨។ នៅក្នុងសេចក្ដីថ្លែងការណ៍ ចេញផ្សាយនៅថ្ងៃពុធសប្ដាហ៍នេះ ស្ថានទូតចិន បានលើកឡើងយ៉ាងដូច្នេះថា «តបតាមសំណើរបស់សហរដ្ឋអាមេរិក  កាណាដា បានចាប់ខ្លួនពលរដ្ឋចិនម្នាក់ ដែលមិនបានរំលោភលើច្បាប់អាមេរិក ឬកាណាដាទាល់តែសោះ... ដូច្នេះចិន ប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះសកម្មភាពដែលរំលោភ និង បំផ្លាញសិទ្ធិមនុស្សរបៀបនេះ ក៏ដូចជម្រុញឱ្យភាគីកាណាដា ដោះលែងពលរដ្ឋចិនជាបន្ទាន់»។

គួរបញ្ជាក់ថា លោកស្រី Meng Wanzhou ដែលជាកូនស្រីម្នាក់ របស់ស្ថាបនិកក្រុមហ៊ុន Huawei គឺលោក រិន ចេងហ្វៃ (Ren Zhengfei) ផងដែរនោះ ត្រូវបានអាជ្ញាធរកាណាដា ចាប់ខ្លួនកាលពីថ្ងៃទី០១ ខែធ្នូកន្លងទៅ ពីបទសង្ស័យថា លោកស្រីបានរំលោភបំពាន លើ ការដាក់ទណ្ឌកម្មរបស់ សហរដ្ឋអាមេរិក ប្រឆាំងអ៊ីរ៉ង់ ខណៈលោកស្រី ត្រូវបានគេរំពឹងថា  អាចនឹងត្រូវធ្វើបត្យាប័ន បញ្ជូនខ្លួនទៅកាន់ សហរដ្ឋអាមេរិក ដើម្បីប្រឈមមុខរឿងក្តី ចោទប្រកាន់ខាងលើនេះ៕

ដកស្រង់ពី៖ Fresh News