បណ្តាញសង្គម

ប្រទេសអាហ្កានីស្ថាន បានបើកយុទ្ធនាការចាក់ថ្នាំបង្ការស្វិតដៃជើង ក្នុងខេត្តចំនួន១០

ក្រសួងសុខាភិបាលសាធារណះរបស់ប្រទេសអាហ្កានីស្ថាន បានបើកយុទ្ធនាការរយះពេល៥ថ្ងៃ កាលពីថ្ងៃចន្ទ ដើម្បីផ្តល់នូវដូសថ្នាំវ៉ាក់សាំងការពារ ទៅឲ្យកុមារ៣លាននាក់ ដែលមានអាយុក្រោម ៥ឆ្នាំដល់ខេត្តចំនួន១០ ក្នុងចំណោម ៣០របស់ប្រទេស នេះបើតាមការផ្សាយរបស់ស៊ិនហួរ ។

យុទ្ធនាការនេះ ត្រូវបានចាប់ផ្តើម ខណះមានករណីគ្រុនស្វិតដៃជើង (ប៉ូលីយ៉ូ) ថ្មីៗមួយ បានកើតមាននាខេត្តភាគខាងត្បូង Helmand កាលពីដើមខែមុន ដែលនាំឲ្យមានករណីឆ្លងជំងឺស្វិតដៃជើងនេះ ឡើងដល់ចំនួន២១ករណី ចាប់តាំងពីខែមករា ឆ្នាំនេះ នេះបើយោងតាមសេចក្តីថ្លែងការណ៏របស់ក្រសួងសុខាភិបាល។

“ជំងឺប៉ូលីយ៉ូ គឺជំងឺដែលធ្វើឲ្យពិការ និងជាជំងឺឆ្លងដែលអាចឲ្យស្លាប់។ ជំងឺនេះ មិនអាចព្យាបាលបាន ហើយវ៉ាក់សាំងជំងឺប៉ូលីយ៉ូនេះ គឺជាវិធីដ៏មានប្រសិទ្ធភាព និងសុវត្តិភាពតែមួយគត់ ដើម្បីការពារកុមារ” នេះបើតាមសេចក្តីថ្លែងការណ៏។ ការបះបោរ និងជម្លោះដែលចេះតែបន្តមានក្នុងប្រទេស បានរារាំង កិច្ចប្រឹងប្រែង ដើម្បីកំចាត់ជំងឺឆ្លងនេះ ពីប្រទេសប្រជុំកម្រងភ្នំមួយនេះ។