បណ្តាញសង្គម

មានអគ្គិភ័យមួយកើតឡើង នាមន្ទីរពេទ្យទីក្រុងម៉ុមបៃ បានសម្លាប់មនុស្ស៦នាក់ និងរងរបួសលើស១០០នាក់

មានមនុស្សយ៉ាងហោចណាស់៦នាក់ បានស្លាប់ និងរងរបួសច្រើនជាង១០០នាក់ នៅពេលមានអគ្គិភ័យមួយឆាបឆេះមន្ទីរពេទ្យមួយក្នុងទីក្រុងម៉ុមបៃ កាលពីថ្ងៃចន្ទ នេះបើតាមមន្រ្តីនិយាយប្រាប់ក្នុងគ្រោះមហន្តរាយកាលពីពេលថ្មីៗ ដោយលើកក្តីកង្វល់អំពីសុវត្ថិភាពអគ្គិភ័យ នៅប្រទេសឥណ្ឌា។

អណ្តាតភ្លើង បានកើតមាននៅម៉ោងប្រម៉ាណ៤ល្ងាច នៅលើជាន់ទី៤ នៃអគារមន្ទីរពេទ្យ ESIC Kamgar ដែលគ្រប់គ្រប់ដោយរដ្ឋាភិបាល នាតំបន់ជាយក្រុងភាគខាងជើង Andheri ។

មានមនុស្ស៦នាក់ បានស្លាប់នេះបើយោងតាមសេចក្តីថ្លែងការណ៏ដែលចេញដោយការិយាល័យគ្រប់គ្រងមហន្តរាយ របស់អជ្ញាធរពលរដ្ឋ។មានអ្នកជំងឺ វេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកា ប្រហែល១៥០នាក់ ត្រូវបានជួយសង្គ្រោះ។

“ពួកគេ ត្រូវបានជួយសង្គ្រោះពីជាន់ផ្សេងៗគ្នា ដោយភ្នាក់ងារអគ្គិភ័យ ដោយការប្រើប្រាស់ជណ្តើរ” នេះបើតាមមន្រ្តីគ្រប់គ្រងមហន្តរាយប្រាប់ទីភ្នាក់ងារសារព័ត៌មាន ដ៏គួរឲ្យទុកចិត្តរបស់ឥណ្ឌា ដោយបន្ថែមថា ពួកគេ ត្រូវបានយកទៅមន្ទីរពេទ្យផ្សេងទៀត ដើម្បីព្យាបាល។

លោក បានបន្ថែមថា បុព្វហេតុនៃអគ្គិភ័យ មិនទាន់ត្រូវបានដឹងនៅឡើយទេ។ អគ្គិភ័យដែលកើតឡើងជាយថាហេតុ គឺកើតមានជាធម្មតាពាសពេញប្រទេសឥណ្ឌា ដោយសារតែស្តង់ដាសុវត្តិភាពទាប និងបទបញ្ជាពង្រឹងច្បាប់មានសភាពធូររលុង។

ហើយជាពិសេស គឺកើតមានក្នុងរដ្ឋធានីម៉ុមបៃ ដែលជារដ្ឋធានីហិរញ្ញវត្ថុរបស់ឥណ្ឌា និងមានប្រជាពលរដ្ឋរស់នៅកកកុញ ។

កាលពីខែធ្នូ ឆ្នាំមុន មានមនុស្សយ៉ាងហោចណាស់ ១៤នាក់ បានស្លាប់ នៅពេលមានអណ្តាតភ្លើងដ៏ធំសំបើមមួយ កើតមានខាងក្នុងភោជនីយដ្ឋានដ៏មានប្រជាប្រិយក្នុងទីក្រុង។ ហើយកាលដើមខែនោះ ក៏មានអគ្គិភ័យមួយ កើតឡើងក្នុងហាងលក់ស្ករគ្រាប់ក្នុងរដ្ឋធានីម៉ុមបៃ និងបង្កឲ្យមាន ការដួលរលំអគារ ហើយសម្លាប់បុគ្គលិក ដែលដេកលក់អស់១២នាក់ នេះបើតាមការផ្សាយរបស់ Channel News Asia ។