បណ្តាញសង្គម

កូរ៉េខាងត្បូង បដិសេធន៍ការចាក់សោរ៉ាដា លើយន្តហោះជប៉ុន ខណះក្រុមអ្នកការទូត បានជួបប្រជុំគ្នា

ប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃចន្ទ បានបដិសេធន៍ថា នាវាចំបាំង១របស់ខ្លួន បានចាក់សោនូវរ៉ាដាទិសដៅរបស់ខ្លួន លើយន្តហោះល្បាតមួយរបស់ប្រទេសជប៉ុន ដែលបានអូសទាញនូវការតវ៉ាដ៏ខ្លាំងក្លាពីទីក្រុងតូក្យូ ចំពេលទំនាក់ទំនងកកស្ទះដែលបានកើនឡើងរវាងប្រទេសជិតខាងក្នុងតំបន់។

ឧបទ្ទហេតុរ៉ាដាដែលត្រូវបានចោទប្រកាន់កាលពីសប្តាហ៏មុន ត្រូវបានរាប់ចូលក្នុងបញ្ជីបញ្ហានានា ដែលបានពិភាក្សាដោយអ្នកការទូតមកពីប្រទេសទាំងពីរ នាកិច្ចប្រជុំមួយក្នុងរដ្ឋធានីសេអ៊ូលរបស់ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃចន្ទ។

ទំនាក់ទំនងរវាងសម្ព័ន្ធមិត្តទាំងពីររបស់សហរដ្ឋអាមេរិក បានប្រែក្លាយជាជូរចត់ចាប់តាំងពីតុលាការកំពូលរបស់ប្រទេសកូរ៉េខាងត្បូង បានសម្រេចកាលពីខែតុលាថា ក្រុមហ៊ុនដែកថែបមួយរបស់ជប៉ុន ត្រូវតែផ្តល់សំណងដល់ពលរដ្ឋកូរ៉េខាងត្បូងចំនួន៤រូប សម្រាប់ពលកម្មដោយបង្ខំរបស់ពួកគេ អំឡុងពេលសង្រ្គាមលោកលើកទី២ តែប្រទេសជប៉ុន បានថ្កោលទោសការសម្រេចមួយនេះ។

កាលពីថ្ងៃសុក្រ រដ្ឋមន្រ្តីក្រសួងការពារប្រទេសជប៉ុន បាននិយាយថា នាវាពិឃាតមួយគ្រឿងរបស់កូរ៉េខាងត្បូង បានចាក់សោនូវរ៉ាដាទិសដៅរបស់ខ្លួន លើយន្តហោះល្បាតរបស់ជប៉ុន ហើយហៅសកម្មភាពនេះថា ពិតជាគ្រោះថ្នាក់បំផុត។

រដ្ឋមន្រ្តីក្រសួងការពារជាតិកូរ៉េខាងត្បូង ដែលបាននិយាយកាលពីសប្តាហ៏មុនថា នាវាពិឃាតនោះ បានកំពុងប្រតិបត្តិការងារជាធម្មតារបស់ខ្លួន ហើយកាលពីថ្ងៃចន្ទ បានផ្តល់នូវព័ត៌មានលំអិតនៃសកម្មភាពនាវាចំបាំង ហើយកាម៉េរា ដែលថតបាននូវយន្តហោះល្បាតរបស់ជប៉ុនហោះក្នុងកម្រឹតទាប ។

អ្នកការទូតប្រទេសកូរ៉េខាងត្បូង បានពន្យល់ប្រាប់ស្ថានភាព “ជាលំអិត” ដល់សមភាគីជប៉ុនពួកគេ កាលពីថ្ងៃចន្ទ ហើយ “ភាគីទាំងពីរ យល់ស្រប់ក្នុងការបន្តនូវទំនាក់ទំនង ដែលចាំបាច់អំពីបញ្ហានេះ” នេះបើតាមទីភ្នាក់ងារសារព័ត៌មាន រាយការណ៏ ដោយដកស្រង់សំដីមន្រ្តីក្រសួងការបរទេសកូរ៉េខាងត្បូងម្នាក់ ដែលមិនបង្ហាញឈ្មោះ។