បណ្តាញសង្គម

ការភ័យខ្លាចកើតមានក្នុងទីក្រុងដែលវាយប្រហារដោយរលកយក្សស៊ូណាមិ ដោយសារតែចំនួនអ្នកស្លាប់ បានឡើងដល់ ៤០០នាក់

ពិធីបែបសាសនាគ្រឹស្តដ៏តូចមួយ ត្រូវបានគេរៀបចំឡើងកាលពីថ្ងៃអង្គារ៍ នៅក្បែរឆ្នេរសមុទ្រដែលរងការវាយប្រហារដោយរលកយក្សស៊ូណាមិ របស់ប្រទេសឥណ្ឌូនេស៊ី ដោយសារតែអ្នកភូមិក្នុងទីក្រុងតំបន់មាត់ឆ្នេរមួយទៀត មានការភ័យខ្លាច ហើយព្យាយាមរត់គេចចេញបន្ទាប់ពីមានពាក្យចចាមអារ៉ាមថា នឹងអាចមានរលកយក្សដ៏សាហាវមួយទៀត មកកំទេចតំបន់នេះ។

ព័ត៌មាននេះ បានប្រែក្លាយទៅជាការប្រកាសអាសន្នក្លែងក្លាយមួយប៉ុន្តែវាជាការភ័យខ្លាច ដែលបានរាលដាលអំពីគ្រោះមហន្តរាយកើតមានជាថ្មីម្តងទៀត។

ការព្រមានដែលថាការផ្គត់ផ្គង់ទឹកស្អាត និងថ្នាំ ពេទ្យ នៅសល់តិច បានសាយភាយពេញតែតំបន់នោះ ដោយសារតែចំនួនអ្នកស្លាប់ ពីគ្រោះមហន្តរាយដែលបង្កដោយបន្ទុះភ្នំភ្លើង បានឡើងដល់ជាង៤០០នាក់។

តួលេខអ្នកស្លាប់ចុងក្រោយបង្អស់ បានឡើងដល់៤២៩នាក់ ហើយ និងអ្នករងរបួសដល់ទៅ ១.៤៨៥នាក់ និងនៅបន្តបាត់ខ្លួនចំនួន ១៥៤នាក់ទៀត។ ប្រជាជនរាប់ពាន់នាក់ ត្រូវបានផ្លាស់ទីកន្លែង ដោយភាគច្រើនបាត់បង់ទីជម្រក បន្ទាប់ពីផ្ទះសម្បែងរបស់ពួកគេ ត្រូវបានលង់លិចដោយរលកឃាតករ។

មានក្មេងៗជាច្រើន បានធ្លាក់ខ្លួនឈឺ ដោយជំងឺគ្រុន ឈឺក្បាល ហើយពួកគេ មិនមានទឹកហូបគ្រប់គ្រាន់ នេះបើតាមសំដីគ្រូពេទ្យម្នាក់ដែលធ្វើការឲ្យអង្គការសង្គមស៊ីវិល នាសាលារៀនក្នុងតំបន់មួយ ដែលបានប្រែក្លាយជាជម្រកបណ្ណោះអាសន្ន។

ប្រទេសឥណ្ឌូនេស៊ី ជាប្រជាជាតិកាន់សាសនាម៊ូស្លីម ប៉ុន្តែមានពលរដ្ឋមួយចំនួនតូច កាន់សាសនាគ្រឹស្ត ហើយពួកគេ បាននាំគ្នារៀបចំប្រារព្វបុណ្យ Christmas កាលពីថ្ងៃអង្គារ៍ និងធ្វើការបួងសួងដល់ប្រជាជនដែលបានរងគ្រោះដោយរលកយក្សដ៏សាហាវមួយនេះ។