បណ្តាញសង្គម

អង្គការសហប្រជាជាតិ តែងតាំង ប្រធានសិទ្ធិមនុស្សថ្មី ជំនួសប្រធានចាស់ ដែលត្រូវចប់អាណត្តិ

អសប៖ ឧត្តមស្នងការ អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស លោកស្រី ណាវី ភីល័យ បានសម្តែងការ ស្វាគមន៍ចំពោះ លោក Zeid Ra’ad Zeid Al-Hussein ដែលត្រូវអង្គការ សហប្រជាជាតិ តែងតាំងជំនួសលោកស្រី ដែលត្រូវចប់អាណត្តិ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៤។

យោងតាម សេចក្តីប្រកាសព័ត៌មាន របស់អង្គការសហប្រជាជាតិ ដែលទទួលបាន នៅថ្ងៃពុធ ទី១៨ ខែមិថុនា ឆ្នាំ២០១៤ ឱ្យដឹងថា ការតែងតាំង លោក Zeid Ra’ad Zeid Al-Hussein ដែលបច្ចុប្បន្ន ជាតំណាងអចិន្រ្តៃយ៍ របស់ប្រទេសហ្ស៊កដានី ប្រចាំអង្គការ សហប្រជាជាតិ ក្នុងបុរីញូវយ៉ក សម្រាប់អាណត្តិ៤ឆ្នំានេះ ទទួលបានការអនុម័ត ជាឯកច្ឆ័ន្ទ ដោយមហាសន្និបាត កាលពីថ្ងៃចន្ទ។

លោកស្រី ភីល័យ បានថ្លែងថា “លោក Zeid Ra’ad Zeid Al-Hussein នឹងនាំមកនូវបទពិសោធន៍ ជាច្រើនឆ្នាំ របស់លោក ក្នុងកិច្ចការអន្តរជាតិ សម្រាប់ឧត្តមស្នងការ សិទ្ធិមនុស្ស ជាមួយអ្នកជំនាញឯទៀតៗ សម្រាប់កិច្ចការ សិទ្ធិមនុស្ស និងជាពិសេសវិស័យ យុត្តិធម៌អន្តរជាតិ ព្រមទាំងប្រយុទ្ធប្រឆាំង នឹងវប្បធម៌និទណ្ឌភាពផងដែរ”។

លោក Zeid Ra’ad Zeid Al-Hussein នឹងក្លាយជា មេសិទ្ធិមនុស្ស របស់ អ.ស.ប ទី៦ ចាប់តាំងពីបើកឧត្តមស្នងការ នាឆ្នាំ១៩៩៣ ៕