បណ្តាញសង្គម

ចិន​ បញ្ជូនអណ្តូង ប្រេងមួយទៀត​ ចូលសមុទ្រចិន ខាងត្បូង ខណៈមានជម្លោះ ជាមួយវៀតណាម លើបញ្ហាដែនសមុទ្រ

ចិន៖ អណ្តូងប្រេងចិនមួយទៀត គ្រោងនឹងទៅដល់ សមុទ្រចិនខាងត្បូង នៅថ្ងៃសុក្រ នៅពេលរដ្ឋាភិបាល ក្រុងប៉េកាំង និងហាណូយ ធ្វើការចោទប្រកាន់គ្នា អំពីជម្លោះទឹកដី ដែលកាន់តែក្តៅឡើង។

ចំណាត់ការនេះ កត់សំគាល់ ការកើនឡើង នូវជម្លោះ ដែលបានបង្ក ជាកុបកម្មប្រឆាំងចិន នៅវៀតណាម ព្រមទាំងការចោទប្រកាន់ ចេញពីភាគីទាំងសងខាង អំពីការបើកនាវា បំបុកនាវាឬ ទូករបស់គូបដិបក្ខ ក្រោយពីចិនបាន រំកិលអណ្តូងប្រេង ចូលតំបន់ដែល ក្រុងហាណូយ អះអាងថា ជារបស់ខ្លួន កាលពី៧សប្តាហ៍មុន។

កិច្ចពិភាក្សានៅ ទីក្រុងហាណូយ រវាងសមាជិក ក្រុមប្រឹក្សារដ្ឋចិន លោកយ៉ាង យីជិ និងរដ្ឋមន្ត្រីការបរទេស និងនាយករដ្ឋមន្ត្រីវៀតណាម អំពីជម្លោះនេះ បានបញ្ចប់ដោយ គ្មានផលវិជ្ជមាន កាលពីថ្ងៃពុធ។ យោងតាមសេចក្តីថ្លែង ការណ៍បង្ហោះ ក្នុងវេបសាយរបស់ រដ្ឋបាលសុវត្ថិភាព សមុទ្រចិន អណ្តូងខួងប្រេងថ្មីនេះ ត្រូវបានបញ្ជូន ទៅនៅថ្ងៃជួបពិភាក្សានេះ តែម្តង។

វានៅមិនទាន់ច្បាស់ថា តើសំណង់អណ្តូងថ្មីនេះ នឹងត្រូវដាក់នៅដែនទឹកជម្លោះដែរឬអត់។ នៅពេលត្រូវ បានគេសួរអំពីការបញ្ជូននេះ អ្នកនាំពាក្យ ក្រសួងការបរទេសចិន បានឆ្លើយតបថា ប្រតិបត្តិការរបស់ អណ្តូងនេះនឹងស្ថិតនៅ ក្នុងដែនទឹកនៅឯនាយកោះហៃ ណាន់របស់ចិន"។ទំនាក់ទំនងរវាងចិននិង វៀតណាម បានដាំក្បាលចុះ ដោយសារតែ អណ្តូងប្រេងនេះ ដោយកាលពីសប្តាហ៍មុន ចិនបាននិយាយថា នាវាវៀតណាមបានបុកនាវា របស់ខ្លួនជាង ១.៥០០លើក ចាប់តាំងពីខែមុនមក នៅពេលវៀតណាម បានបញ្ចេញ រូបវីដេអូបង្ហាញ នាវាដ៏ធំរបស់ចិនដេញបុក ទូកនេសាទវៀតណាម នៅជិតតំបន់ ដាក់អណ្តូងប្រេង។ រដ្ឋាភិបាលក្រុងហាណូយ បានទាមទារអោយចិន ដកអណ្តូងប្រេង នៅជិតប្រជុំកោះប៉ារ៉ាសែលនេះ៕

ប្រភព៖ CEN