បណ្តាញសង្គម

អ្នកជំនាញអន្តរជាតិ៖ «ទោះ​សហរដ្ឋអាមេរិក​ចង់វាយកម្ទេច​អ៊ីរ៉ង់ ក៏មិនអាច​ធ្វើដោយ​ត្រង់ៗ​នោះដែរ...»

  (តេហេរ៉ង់)៖ អ្នកជំនាញយុទ្ធសាស្ត្រ នយោបាយមួយរូប មកពីសាកលវិទ្យាល័យ Azad បានប្រាប់សារព័ត៌មានរុស្ស៊ីថា  រដ្ឋបាលប្រធានាធិបតី អាមេរិកលោក ដូណាល់ ត្រាំ ទោះបីជាចង់វាយប្រហារ លើរបបដឹកនាំអ៊ីរ៉ង់ ខ្លាំងយ៉ាងណាក៏ដោយ  ក៏អាមេរិកមិនអាច ធ្វើការវាយប្រហារ ដោយចំពោះមុខ ឬត្រង់ៗនោះដែរ។

នេះបើតាមការចេញផ្សាយដោយ Sputnik នារសៀលថ្ងៃអង្គារ ទី២២ ខែមករា ឆ្នាំ២០១៩។ អ្នកជំនាញអន្តរជាតិខាងលើ គឺលោក ម៉ូចតាបា ចេឡាល់ហ្សាដេហ៍ (Mojtaba Jelalzadeh) បានធ្វើការអះអាងដូច្នេះ ក៏ព្រោះតែលោក មើលឃើញថា  ប្រទេសអ៊ីរ៉ង់បច្ចុប្បន្ន មានការត្រៀមខ្លួនរួចរាល់ សម្រាប់សង្គ្រាមគ្រប់ពេលវេលា ដោយមិនត្រឹមតែជាមួយអាមេរិកនោះឡើយ  ប៉ុន្តែបណ្តាប្រទេសជិតខាង មួយចំនួនទៀត គឺជាក្តីបារម្ភធំបំផុត សម្រាប់សន្តិសុខអ៊ីរ៉ង់។

វាជាការឆ្លើយតបមួយ ទៅនឹងរបាយការណ៍ បែកធ្លាយដែលថា សហរដ្ឋអាមេរិក ជាអ្នកស្ថិតនៅពីក្រោយ អ៊ីស្រាអែល  ក្នុងការវាយប្រហារមូលដ្ឋានទ័ពអ៊ីរ៉ង់ ក្នុងទឹកដីស៊ីរី កាលពីដើមខែមករា ដែលទីភ្នាក់សន្តិសុខជាតិអាមេរិក រៀបចំឡើងដើម្បីសងសឹកអ៊ីរ៉ង់។លោក Jelalzadeh បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងនាមជារដ្ឋឯករាជ្យមួយ ដែលមានស្ថិរភាព និងយោធានោះ  ប្រទេសអ៊ីរ៉ង់ មានសមត្ថភាពផ្ទាល់ខ្លួនយ៉ាងពិតប្រាកដ...។

អ៊ីរ៉ង់បានសម្រេចចេញរួចទៅហើយ នូវផែនការ និងយុទ្ធសាស្ត្រការពារជាតិ...។ វាជារឿងខុសទាំងស្រុង ដែលនិយាយថា  អ៊ីរ៉ង់នឹងមិនអាចទប់ទល់ ចំពោះការវាយប្រហារណាមួយនោះ...។ ទោះបីជាបែបនេះក្តី វាក៏មិនមែនមានន័យថា  អ៊ីរ៉ង់នឹងទទួលបានជោគជ័យ ដោយងាយៗនៅគ្រប់សង្គ្រាមនោះដែរ»។

គួរបញ្ជាក់ថា ប្រទេសអ៊ីរ៉ង់ ដែលជាសម្ព័ន្ធមិត្តរបស់រុស្ស៊ី  បានក្លាយជាបន្លាធំឡើងវិញ នៅក្នុងក្រសែភ្នែករដ្ឋាភិបាលអាមេរិក ដែលដឹកនាំដោយលោក ដូណាល់ ត្រាំ។ ចាប់តាំងពីការដកខ្លួន ចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ រដ្ឋបាលលោក ដូណាល់ ត្រាំ បានចាប់ផ្តើមបង្កើនទណ្ឌកម្ម និងសម្ពាធជាបន្តបន្ទាប់ឡើងវិញ លើរដ្ឋាភិបាលអ៊ីរ៉ង់ ក្រោមលេសថា  ប្រទេសអ៊ីស្លាមមួយនេះ នៅតែលួចផលិត នុយក្លេអ៊ែរដោយសម្ងាត់ និងបានលូកដៃចូលបញ្ហាស៊ីរីជាដើម៕

ដកស្រង់ពី៖ Fresh News