បណ្តាញសង្គម

វេណេស៊ុយអេឡា​ចាប់ខ្លួន​ទាហាន​​បះបោរ​២៧នាក់ ដែល​ចង់ផ្តួលរំលំ​រដ្ឋាភិបាល​លោក ម៉ាឌូរ៉ូ

(ការ៉ាកាស់)៖ កងកម្លាំងសន្តិសុខសរុប ២៧នាក់ ត្រូវបានចាប់ខ្លួន បន្ទាប់ពីពួកគេបានចូលរួម ក្នុងចលនាតវ៉ាមួយ នៅក្នុងរដ្ឋធានីការ៉ាកាស់  ដែលត្រូវបាន រដ្ឋាភិបាលអះអាងថា ជាចេតនាប៉ុនប៉ងធ្វើរដ្ឋប្រហារទម្លាក់ ប្រធានាធិបតីលោក នីកូឡាស់ ម៉ាឌូរ៉ូ ចេញពីតំណែង។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានអាល្លឺម៉ង់ DW នារសៀលថ្ងៃអង្គារ ទី២២ ខែមករា ឆ្នាំ២០១៩។ យោធានៃរដ្ឋាភិបាល វេណេស៊ុយអេឡា បានចេញមកបង្ក្រាប កម្លាំងសន្តិសុខមួយក្រុម នៅថ្ងៃចន្ទសប្តាហ៍នេះ (ពេលវេលានៅអាមេរិកខាងត្បូង) ដោយចោទប្រកាន់ពួកគេថា ជាក្រុមទាហានបះបោរ មានចេតនាផ្តួលរំលំរដ្ឋាភិបាល ឬធ្វើរដ្ឋប្រហារ។

ជំនួយការលោកប្រធានាធិបតី ម៉ាឌូរ៉ូ បានប្រាប់សារព័ត៌មានក្នុងស្រុកថា «ពួកគេ (ទាហានបះបោរ) ត្រូវបានបង្ក្រាប  និងចាប់ខ្លួន ជាបណ្តើរៗហើយ»។ បើតាមមន្ត្រីជំនិតប្រធានាធិបតី ខាងលើនេះបានបន្តទៀតថា ក្រុមកងកម្លាំងយោធាទាំងនោះ បានសារភាពថា  ពួកគេត្រូវបាន គេបញ្ចុះបញ្ចូលពីក្រោយខ្នង ឲ្យងើបឡើងបះបោរជាថ្នូរនឹងផ្ទះវីឡា ព្រមទាំងលំនៅឋានស្កឹមស្កៃជាដើម  តែក្រោយមកទើបពួកគេដឹងថា វាសុទ្ធតែជារឿងបោកប្រាស់។

កាលពីដំបូងឡើយ ប្រភពព័ត៌មានមិនទាន់ផ្លូវការ បានអះអាងថា ក្រុមដែលចេញមកតវ៉ា និងកៀរគរឲ្យប្រជាជន ចូលរួមជាមួយពួកគេនោះ  គឺជាកងកម្លាំងប៉ូលិស ដែលមិនពេញចិត្តនឹងរដ្ឋាភិបាលលោក ម៉ាឌូរ៉ូ។ ទោះបីជាបែបនេះក្តី  ស្ថានការណ៍ជារួម ហាក់វិលទៅរក ភាពប្រសើរឡើងវិញហើយ ដោយក្រុមបះបោរសរុប ២៧នាក់ ត្រូវបានចាប់ខ្លួន ខណៈមួយចំនួនទៀត កំពុងតែរត់គេខ្លួន ពីការតាមចាប់ របស់កងកម្លាំងរដ្ឋាភិបាល។

គួរបញ្ជាក់ថា ការតវ៉ាបានផ្ទុះឡើងនៅក្នុងសង្កាត់ ឡូស ម៉ាសេដូរ៉ែស (Los Mecedores) នៃរដ្ឋធានីការ៉ាកាស់ របស់ប្រទេស វេណេស៊ុយអេឡា  ដោយមានការការប្រើប្រាស់អំពើហិង្សា ពីសំណាក់ក្រុមកងកម្លាំងបះបោរ  និងការបាញ់រះ ទៅលើអគារនានា នៅតាមដងផ្លូវតែម្តង៕

ដកស្រង់ពី៖ Fresh News