បណ្តាញសង្គម

កូរ៉េខាងត្បូងកំពុងធ្វើតេស្ត «បង្កើតភ្លៀងសិប្បនិម្មិត» ដើម្បីសម្អាតធូលី​!

(សេអ៊ូល)៖ ទីភ្នាក់ងារឧតុនិយម និងក្រសួងបរិស្ថានកូរ៉េខាងត្បូង មានគម្រោងដឹកនាំការធ្វើតេស្ដ បង្កើតភ្លៀងសិប្បនិម្មិត  នៅឯតំបន់ដែនទឹក ភាគខាងលិចនៃប្រទេស នៅក្នុងសប្ដាហ៍នេះ ដើម្បីមើលពីប្រសិទ្ធិភាព កាត់បន្ថយធូលី។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី២៣ ខែមករា ឆ្នាំ២០១៩។ ភ្លៀងសិប្បនិម្មិត នឹងត្រូវធ្វើតេស្ដសាកល្បង នៅថ្ងៃសុក្រសប្ដាហ៍ នៅឯភាគនិរតីនៃខេត្ត គ្យុងជី (Gyeonggi) និងតំបន់ដែនទឹក នៃឆ្នេរភាគខាងលិចប្រទេស ដោយប្រើប្រាស់យន្ដហោះ ឧតុនិយមមួយគ្រឿង។

យន្ដហោះនេះនឹងបាញ់ចេញម្សៅ iodide ប្រាក់ទៅ ក្នុងបរិយាកាសដើម្បីបង្កើតពពក-ភ្លៀងសិប្បនិម្មិត ក្រោមជំនួយពីប្រព័ន្ធផ្កាយរណប  និងរ៉ាដា ដែលអាចនឹងផ្លាស់ប្ដូរដង់ស៊ីតេ នៃកម្ទេចធូលី។

គួរបញ្ជាក់ថា កូរ៉េខាងត្បូង ក៏ត្រូវបានគេរាយការណ៍ផងដែរថា ដឹកនាំប្រតិបត្តិការ បង្កើតភ្លៀងសិប្បនិម្មិត ១៥ដងនៅក្នុង ឆ្នាំ២០១៩នេះ។ ប៉ុន្តែទន្ទឹមគ្នា ប្រសិទ្ធភាពនៃការកាត់បន្ថយធូលី តាមរយៈបច្ចេកទេសនេះ មិនទាន់ត្រូវបានបញ្ជាក់នៅឡើយ ទេ ស្របពេលរដ្ឋាភិបាល ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន កំពុងចាត់វិធានការបន្ថែម កាត់បន្ថយផ្សែង និងធូលី ដោយកាត់បន្ថយ ការប្រើប្រាស់រថយន្ដម៉ាស៊ូត៕

ដកស្រង់ពី៖ Fresh News