បណ្តាញសង្គម

ប្រទេស​ថៃប្រកាសថា ការ​បោះឆ្នោតជាតិជាផ្លូវការនឹងត្រូវធ្វើឡើង​នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩!

(បាងកក)៖ នៅទីបំផុតកាលបរិច្ឆេទជាក់លាក់ នៃការរៀបចំការបោះឆ្នោតជាតិ នៅក្នុងប្រទេសថៃ  ត្រូវបានប្រកាសចេញជាផ្លូវការហើយ ដោយគណកម្មការ រៀបចំការបោះឆ្នោតថៃ ដោយសម្រេចយកថ្ងៃទី២៤ ខែមីនា ខាងមុខនេះជាថ្ងៃបោះឆ្នោតសកល។

នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន Nikkei Asia នាល្ងាចថ្ងៃពុធ ទី២៣ ខែមករា ឆ្នាំ២០១៩។

ការប្រកាសអំពីកាលបរិច្ឆេទ ពិតប្រាកដនេះ ត្រូវបានធ្វើឡើងដោយ គណកម្មការរៀបចំការបោះឆ្នោត ប្រទេសថៃ បន្ទាប់ពីប៉ុន្មានម៉ោងប៉ុណ្ណោះ  ដែលព្រះរាជក្រឹត្យ របស់ព្រះមហាក្សត្រថៃព្រះបាទ មហាវិច្ឆិរ៉ា ឡុងកន ត្រូវបានចេញផ្សាយដោយក្នុងនោះ ទ្រង់បានត្រាស់បង្គាប់ឲ្យមាន ការរៀបចំការបោះឆ្នោត ជាផ្លូវការនៅក្នុងឆ្នាំ២០១៩នេះ  ប៉ុន្តែពុំបានបញ្ជាក់លម្អិត អំពីកាលបរិច្ឆេទ ច្បាស់លាស់នោះឡើយ ទើបបានធ្វើឲ្យមហាជនថៃ នៅមានភាពមន្ទិលដដែល។

បន្ទាប់ពីការប្រកាស រាជក្រឹត្យខាងលើនេះ រដ្ឋាភិបាលថៃ ដែលដឹកនាំដោយ លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា បានចេញសេចក្តីថ្លែងការណ៍ អំពាវនាវឲ្យគ្រប់បក្សនយោបាយទាំងអស់ ចាប់ផ្តើមរៀបចំធ្វើយុទ្ធនាការ ឃោសនារកសំឡេងឆ្នោតជាផ្លូវការ  ហើយរដ្ឋាភិបាលក៏បានណែនាំផងដែរ ឲ្យប្រជាពលរដ្ឋ និងបក្សនយោបាយនានារបស់ថៃ ចាប់ផ្តើមដំណើរការរបស់ខ្លួន  ប្រកបដោយភាពចាស់ទុំ ផ្នែកនយោបាយ។

គួរជម្រាបថា ការបោះឆ្នោតសាកលនាឆ្នាំ២០១៩នេះ នឹងក្លាយជាការបោះឆ្នោត តាមបែបលទ្ធប្រជាធិបតេយ្យ លើកដំបូង  គិតចាប់តាំងពី រដ្ឋាភិបាលយោធាសព្វថ្ងៃ បានធ្វើរដ្ឋប្រហារទម្លាក់ អតីតនាយករដ្ឋមន្រ្តីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ កាលពីជិត០៥ឆ្នាំមុន  (កាលពីអំឡុងខែឧសភា ឆ្នាំ២០១៤)៕

ដកស្រង់ពី៖ Fresh News