បណ្តាញសង្គម

ក្នុងឆ្នាំ២០១៨ ប្រទេស​ដែលជនជាតិចិន​បានបណ្តាក់ទុនវិនិយោគ​ច្រើនជាងគេបំផុតគឺ សហរដ្ឋអាមេរិក អូស្ត្រាលី និងថៃ

(ប៉េកាំង)៖ ក្នុងឆ្នាំ២០១៨ សហរដ្ឋអាមេរិក នៅតែបន្តជាប្រទេសលេខ ១  ដែលប្រជាជនចិន បានបណ្តាក់ទុនវិនិយោគ ក្នុងទំហំទឹកប្រាក់ ច្រើនជាងគេបង្អស់ ទៅលើវិស័យអចលនទ្រព្យ ខណៈប្រទេសថៃ វិញបានជាប់ជាគោលដៅ ពេញនិយមបំផុត  សម្រាប់អ្នកទិញ អចលនទ្រព្យចិន។

នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មានថៃ បាងកកប៉ុស្តិ៍ នារសៀលថ្ងៃពុធ ទី២៣ ខែមករា ឆ្នាំ២០១៩។ បើតាមលោកស្រី  ខារី ឡរ (Carrie Law) ប្រធានក្រុមហ៊ុន ជូវ៉ៃ (Juwai) ដែលជាវែបសាយដ៏ល្បី នៅឯប្រទេសចិន ខាងផ្នែកអចលនទ្រព្យ បានឲ្យដឹងថា  ថៃនឹងបន្តជាប្រទេស ដ៏ពេញនិយមជាងគេដដែល នៅក្នុងឆ្នាំ២០១៩នេះ សម្រាប់ជនជាតិចិន ដែលចង់ទិញអចលនទ្រព្យ។

លោកស្រី Carrie Law បានបន្តទៀតថា ការមានជម្រើសច្រើន ក្នុងការជ្រើសរើស តម្លៃអចលនទ្រព្យ  ព្រមទាំងការអភិវឌ្ ឍកាន់តែជឿនលឿន នៃប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងប្រទេសថៃ កំពុងធ្វើឲ្យប្រជាជនចិន មានទំនុកចិត្តកាន់តែរឹងមាំ  ទៅលើសក្តានុពលសេដ្ឋកិច្ ចរបស់ថៃក្នុងរយៈពេលវែង។

ម៉្យាងវិញទៀត ភាពតានតឹងនៃទំនាក់ទំនង ពាណិជ្ជកម្មចិន-អាមេរិក ក៏អាចជាកត្តាជំរុញដ៏សំខាន់  ដែលធ្វើឲ្យប្រជាពលរដ្ឋចិន ផ្លាស់ប្តូរចំណាប់អារម្មណ៍ ពីសហរដ្ឋអាមេរិក ទៅលើប្រទេសថៃវិញផងដែរ។

ដោយជាប់ចំណាត់ថ្នាក់ ត្រឹមលេខ ៦ ប៉ុណ្ណោះ នៃគោលដៅពេញនិយមជាងគេ កាលឆ្នាំ២០១៦ ថៃបានលោតដល់លេខរៀងទី ៣  នៅឆ្នាំ២០១៧ មុនពេលឡើងដល់លំដាប់កំពូល ផុតគេកាលពីឆ្នាំ២០១៨ និងតាមពីក្រោយដោយអូស្រ្តាលី អាមេរិក កាណាដា និងចក្រភពអង់គ្លេស។ សម្រាប់ទីក្រុងចំនួន ៦ ក្នុងប្រទេសថៃ ដែលមានការស្វែងរកច្រើនជាងគេ នៅលើវែបសាយ Juwai.com គឺរាជធានីបាងកក, ក្រុងប៉ាតតាយ៉ា (Pattaya), ឈៀងម៉ៃ (Chiange Mai), ភូកេត (Phuket), សាត់តាហ៊ីប (Sattahip), និងសាមុយ (Samui)។

គួរជម្រាបថា បើគិតពីទំហំទឹកប្រាក់សរុប នៃការវិនិយោគ លើវិស័យអចលនទ្រព្យ នៅក្រៅប្រទេសរបស់ប្រជាជនចិនវិញ  គឺថៃឈរនៅលំដាប់ទី ៣ (២.៣ពាន់លានដុល្លារអាមេរិក) រីឯលេខរៀងទី ១ គឺសហរដ្ឋអាមេរិក (៣០.៤ពាន់លានដុល្លារអាមេរិក), ទី ២ អូស្រ្តាលី (១៤.១ពាន់លានដុល្លារអាមេរិក), និងទី ៤ ម៉ាឡេស៊ី (២ពាន់លានដុល្លារអាមេរិក)៕

ដកស្រង់ពី៖ Fresh News