បណ្តាញសង្គម

មនុស្ស២៦នាក់ បានស្លាប់ក្នុងការបុកគ្នារវាងរថយន្តដឹកប្រេង និងឡានក្រុង ក្នុងប្រទេសប៉ាគីស្ថានភាគនារតី

តួលេខអ្នកស្លាប់ពីការបុកគ្នារវាងរថយន្តដឹកប្រេង និងឡានក្រុង នាអនុស្រុក Hub ភាគនារតីប្រទេសប៉ាគីស្ថាន កាលពីល្ងាចថ្ងៃចន្ទ បានឡើងដល់២៦នាក់ហើយ នេះបើតាមប៉ូលីសក្នុងតំបន់ឲ្យដឹង។

ប៉ូលីសគ្រប់គ្រងជាន់ខ្ពស់ម្នាក់ បានប្រាប់បណ្តាញផ្សព្វផ្សាយថា តួលេខអ្នកស្លាប់បានកើនឡើង បន្ទាប់ពីមនុស្ស១៣នាក់ បានស្លាប់ដោយសារតែរបួសឆាបឆេះធ្ងន់ធ្ងរពេក នៅអំឡុងពេលព្យាបាលនាមន្ទីរពេទ្យ។

មន្រ្តីប៉ូលីសបាននិយាយថា ឧបទ្ទវហេតុកើតមាននៅពេលដែលឡានដឹកអ្នកដំណើរបើកលើសល្បឿនកំណត់បុកជាមួយរថយន្តដឹកប្រេង ដែលមកពីទិសផ្ទុយគ្នា ក្នុងតំបន់ Bela Cross របស់អនុស្រុក Hub ដែលជាអនុស្រុកមួយក្នុងខេត្ត Balochistan នាភាគនារតីប្រទេស។

អ្នកដំណើរភាគច្រើន រងរបួសឆាបឆេះ ដោយសារតែឡានក្រុង និងរថយន្តដឹកប្រេងនោះ បានឆេះជាអណ្តាតភ្លើងបន្ទាប់ពីបុកគ្នា នេះបើតាមសំដីមន្រ្តី។ តួលេខអ្នកស្លាប់កើនឡើង ដោយសារតែមន្ទីរពេទ្យក្នុងតំបន់ មិនមានសម្ភារះដើម្បីព្យាបាលរបួសពីការឆាបឆេះភ្លើង នេះបើតាមសំដីសមាជិកក្រុមសង្រ្គោះ។

យ៉ាងហោចណាស់មានមនុស្ស១៦នាក់ដែលរងរបួស នៅបន្តការព្យាបាលក្នុងមន្ទីរពេទ្យផ្សេងៗ។ ក្នុងចំណោមពួកគេ បាន៥នាក់ ឋិតក្នុងស្ថានភាពធ្ងន់ធ្ងរ នេះបើតាមការផ្សាយរបស់បណ្តាញព័ត៌មានក្នុងស្រុក ដោយបន្ថែមថា អ្នកដែលរងគ្រោះធ្ងន់ ត្រូវបានផ្ទេរទៅកាន់ទីក្រុងកំពង់ផែ Karachi នាភាគខាងត្បូងប្រទេស សម្រាប់ការព្យាបាលដ៏ប្រសើរ។

ឡានក្រុមដែលមានអ្នកដំណើរ៤០នាក់ជិះ បានធ្វើដំណើរចេញពីទីក្រុង Karachi ទៅកាន់ទីក្រុង Panjgur នាភាគនារតី នៅពេលដែលមានគ្រោះថ្នាក់កើតឡើង។