Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សាស្ត្រាចារ្យអន្តរជាតិ៖ «សហរដ្ឋអាមេរិក​​គួរកុំបង្កើត​ប្រវត្តិសាស្ត្រ​ដូចអ៊ីរ៉ាក់ នៅ​វេណេស៊ុយអេឡាមួយទៀត...»

  • បោះពុម្ព

  (ប៉េកាំង)៖ សហរដ្ឋអាមេរិក គួរតែកុំលូកដៃ ចូលកិច្ចការផ្ទៃក្នុង របស់ប្រទេសវេណស៊ុយអេឡា  ដើម្បីបញ្ជៀសការបែកបាក់គ្នា រវាងបណ្ដាប្រទេស នៅលើពិភពលោក ដូចដែលទីក្រុងវ៉ាស៊ីនតោន ធ្លាប់បានបង្កឡើង នៅពេលចូលឈ្លានពាន ផ្ដួលរំលំរបបដឹកនាំ សាដាំ ហូសេន នៅអ៊ីរ៉ាក់ កាលពីឆ្នាំ២០០៣។

នេះបើតាម លោកសាស្ត្រាចារ្យ ជាំង ស៊ីស៊ឺ (Jiang Shixue) ដកស្រង់ចេញផ្សាយដោយ សារព័ត៌មានចិន CGTN នៅព្រឹកថ្ងៃចន្ទ ទី២៨ ខែមករា ឆ្នាំ២០១៩។

លោក Jiang Shixue ជាសាស្ត្រាចារ្យ មកពីវិទ្យាស្ថានសិក្សាអន្តរជាតិ នៃសាកលវិទ្យាល័យ សៀងហៃ បានបញ្ជាក់ទៀតថា ពិភពលោកបច្ចុប្បន្ន កំពុងបែកបាក់គ្នាជាថ្មី ដោយសារតែវិបត្តិនយោបាយ  នៅវេណេស៊ុយអេឡា ដែលមានប្រធានាធិបតី ដល់ទៅ ២ មួយគាំទ្រដោយសហរដ្ឋអាមេរិក និងលោកខាងលិច រីឯមួយទៀត គាំទ្រដោយចិន និងរុស្ស៊ី  ព្រមទាំងសម្ព័ន្ធមិត្ត មួយចំនួនរបស់ពួកគេ។

អ្នកជំនាញរូបនេះ បន្ថែមថា ការប្រកាសទទួលស្គាល់ មេបក្សប្រឆាំង លោក ជូអាន ហ្គៃដូ (Juan Guaido) អាយុ ៣៥ឆ្នាំ ជាប្រធានាធិបតីស្ដីទី ដោយអនុប្រធានាធិបតីអាមេរិក លោក ម៉ៃក៍ ភែន (Mike Pence) បានធ្វើឱ្យគេនឹកឃើញដល់ ការថ្លែងសារ  នៃអតីតប្រធានាធិបតី អាមេរិក លោក ចច ដាប់ប៊ែល យូប៊ូស ក្នុងពេលប្រកាសឈ្លានពាន ប្រទេសអ៊ីរ៉ាក់ កាលពីឆ្នាំ២០០៣។

លោក Pence បានថ្លែងកាលពីថ្ងៃទី២៣ ខែមករា យ៉ាងដូច្នេះថា «យើងនឹងនៅជាមួយអ្នក  ហើយយើងនឹងគំាទ្រអ្នករហូត ដល់ប្រជាធិបតេយ្យ នៅវេណេស៊ុយអេឡា ត្រូវបានស្ដារឡើងវិញ»។ លើសពីនេះទៅទៀត សេតវិមាន ក៏បានអំពាវនាវផងដែរ ឱ្យបណ្ដាប្រទេសទាំងអស់ នៅលើពិភពលោក ទទួលស្គាល់លោក Guaido ជាប្រធានាធិបតី វេណេស៊ុយអេឡា។

ប៉ុន្តែសម្រាប់លោក Jiang Shixue ការអំពាវនាវនេះ គឺវាស្រដៀងគ្នា ទៅនឹងការអំពាវនាវរបស់លោក ចច ដាប់ប៊ែល យូប៊ូស មុន នឹងសម្រេចចិត្ តចូលឈ្លានពានអ៊ីរ៉ាក់។ លោក ប៊ូសកាលសម័យនោះ បានលើកឡើងថា «គ្រប់ប្រជាជាតិ និងតំបន់ទាំងអស់ គួរតែ ធ្វើសម្រេចចិត្តថា ត្រូវនៅជាមួយពួកគេ ឬក៏ឈរខាងពួកភេរវករ»។

សង្រ្គាមនៅអ៊ីរ៉ាក់ ធ្លាប់បានបង្កការបែកបាក់គ្នា ម្ដងរួចមកហើយ ដោយប្រទេសខ្លះ គាំទ្រឱ្យអាមេរិក ផ្ដួលរំលំរបបដឹកនាំ សាដំា ហូសេន និងប្រទេសខ្លះទៀត ជំទាស់យ៉ាងខ្លាំង។ ដូច្នេះហើយ លោក Shixue យល់ថាដើម្បីបញ្ជៀសការបែកបាក់នេះ  ទីក្រុងវ៉ាស៊ីនតោន គួរកុំលូកដៃចូលកិច្ចការផ្ទៃក្នុង របស់វេណេស៊ុយអេឡា អនុឡោមតាមធម្មនុញ្ញ អង្គការសហប្រជាជាតិ ស្ដីពីបទដ្ឋានទំនាក់ទំនង  និងគោលការណ៍ច្បាប់អន្តរជាតិ ក្នុងនោះមានដូចជាការមិន លូកដៃចូលកិច្ចការផ្ទៃក្នុងប្រទេសដទៃ។

គួរបញ្ជាក់ថា បើតាមលោក Jiang Shixue បើទោះជាសហរដ្ឋអាមេរិក ធ្វើឬនឹងមិនធ្វើ រដ្ឋប្រហារផ្ដួលរំលំរដ្ឋាភិបាល លោក ម៉ាឌូរ៉ូ ក៏ដោយ ប៉ុន្តែធាតុពិតជាក់ស្ដែង ប្រជាជននៅក្នុងតំបន់ អាមេរិកឡាទីន ប្រហែលជាមិនភ្លេចឡើយ ពីការឈ្លានពាន ដោយយោធារបស់អាមេរិក  នៅសាធារណរដ្ឋដូមីនិក (ឆ្នាំ១៩៦៥) គ្រីណាដា (ឆ្នាំ១៩៨៣) និងប៉ាណាម៉ា (ឆ្នាំ១៩៨៩)៕

ដកស្រង់ពី៖ Fresh News