បណ្តាញសង្គម

លោក ឌូតឺតេ បញ្ជាឲ្យ​កងទ័ពអាកាស​បើកការវាយលុក​ ក្រុមឧទ្ទាមភាគ​ខាងត្បូងប្រទេស ដើម្បីជាការសងសឹក!

(ម៉ានីល)៖ យោធាហ្វីលីពីន បានដឹកនាំការវាយប្រហារ តាមផ្លូវអាកាស យ៉ាងចាស់ដៃ ប្រឆាំងនឹងក្រុមភេរវករនៅក្នុងតំបន់ដែលជាប់សង្ស័យថា ជាអ្នកនៅពីក្រោយការវាយប្រហារ បំផ្ទុះគ្រាប់បែកដ៏ប្រល័យ  នៅឯវិហារគ្រឹស្តមួយកន្លែង នៃកោះមិនដាណាវ ភាគខាងត្បូង ប្រទេសហ្វីលីពីន។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Straitstimes នៅរសៀលថ្ងៃព្រហស្បតិ៍ ទី៣១ ខែមករា ឆ្នាំ២០១៩។ ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃពុធសប្ដាហ៍នេះ រដ្ឋមន្ត្រីការពារជាហ្វីលីពីន លោក ដែលហ្វី ឡូរែនហ្សាណា (Delfin Lorenzana) បានគូសបញ្ជាក់ដូច្នេះថា «យោធាហ្វីលីពីន បានបើកការវាយប្រហារ តាមផ្លូវអាកាស ប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធ អាប៊ូ សាយយ៉ាហ្វ (Abu Sayyaf) នៅក្នុងទីក្រុង Jolo ខេត្ត Sulu កាលពីថ្ងៃអង្គារ»។

លោក បន្ថែមទៀតថា ការវាយប្រហារតាមផ្លូវការនេះ ធ្វើឡើងតាមការបញ្ជាដោយផ្ទាល់ ពីលោកប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូតឺតេ ដែលបានសន្យាថា នឹងតាមកម្ចាត់ពួកភេរវករទាំងអស់ នៅក្នុងប្រទេស។ ប៉ុន្តែលោក Lorenzana មិនបានបញ្ជាក់ អ្វីលម្អិតបន្ថែមនោះទេ។

គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន មនុស្សយ៉ាងហោចណាស់ ២១នាក់ ត្រូវបានសម្លាប់ និងរាប់រយនាក់រងរបួស នៅក្នុងការវាយប្រហារ បំផ្ទុះគ្រាប់បែកចំនួន ០២លើក លើវិហារគ្រឹស្ដក្នុងទីក្រុង Jolo ខេត្ត Sulu។ ដោយឡែក កាលពីថ្ងៃពុធម្សិលមិញ  មនុស្ស ០២នាក់បានស្លាប់ និង០៤នាក់ផ្សេងទៀតក៏បានរងរបួសផងដែរ នៅពេលដែលគ្រាប់បែកដៃមួយបានផ្ទុះ នៅក្នុងវិហារអ៊ីស្លាម នៃទីក្រុង ហ្សាំបូអាងហ្គា (Zamboanga) នៃកោះមិនដាណាវ៕

ដកស្រង់ពី៖ Fresh News