បណ្តាញសង្គម

មិនទាន់​ប្រាប់ថាប្រទេសណា​ឲ្យច្បាស់​ឡើយ តែរដ្ឋមន្ត្រី​ការបរទេស​អាមេរិក​បង្ហើបថា កិច្ចប្រជុំកំពូលលើកទីពីរ ត្រាំ-គីម នឹងធ្វើឡើង​នៅតំបន់​អាស៊ី

(វ៉ាស៊ីនតោន)៖ មកទល់ពេលនេះ នៅតែពុំទាន់មានការបញ្ជាក់ច្បាស់ពី ទីតាំងសម្រាប់បើកកិច្ចប្រជុំកំពូល លើកទីពីររវាង លោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន នៅឡើយទេ តែរដ្ឋមន្រ្តីការបរទេសអាមេរិកលោក ម៉ៃក៍ ប៉ុមប៉េអូ បានឲ្យដឹងថា  ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅ នៅតំបន់អាស៊ី។

នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃព្រហស្បតិ៍ ទី៣១ ខែមករា ឆ្នាំ២០១៩។

ថ្លែងក្នុងបទសម្ភាសន៍មួយ របស់សារព័ត៌មានអាមេរិក Fox News លោក ប៉ុមប៉េអូ បាននិយាយថា  កូរ៉េខាងជើង បានយល់ព្រម ចំពោះកិច្ចប្រជុំជាថ្មីម្តងទៀត រវាងមេដឹកនាំ នៃប្រទេសទាំងពីរនឹងប្រព្រឹត្តទៅ នៅចុងខែកុម្ភៈ ខណៈទីតាំងគឺស្ថិតនៅក្នុងតំបន់អាស៊ី  ហើយប្រមុខការទូតអាមេរិករូបនេះ បានបញ្ជាក់ទៀតថា ក្រុមការងារត្រូវបានបញ្ជូន សំដៅមកកាន់តំបន់នេះហើយ  ដើម្បីត្រៀមរៀបចំ សម្រាប់កិច្ចប្រជុំដ៏សំខាន់នេះ។

គួរជម្រាបថា កាលពីសប្តាហ៍មុនលោក ប៉ុមប៉េអូ ផ្ទាល់ធ្លាប់បានលើកឡើងថា កិច្ចប្រជុំកំពូលលើកទីពីររវាង លោក ត្រាំ និងលោក គីម នឹងកើតមានឡើង ក្នុងរយៈពេល ៦០ថ្ងៃ ឬពីរខែខាងមុខ ដែលជាហេតុ ធ្វើឲ្យមានការយល់ច្រឡំថា  ជំនួបនេះនឹងធ្វើឡើង នៅអំឡុងចុងខែមីនាឯណោះវិញ ប៉ុន្តែនាពេលនេះ លោកបានបញ្ជាក់ច្បាស់ហើយថា គឺនៅចុងខែកុម្ភៈ។

សម្រាប់ទីតាំងនៃកិច្ចប្រជុំវិញ ត្រូវមនុស្សភាគច្រើនសង្ស័យថា គឺប្រទេសវៀតណាម  ប៉ុន្តែរដ្ឋាភិបាលទីក្រុងហាណូយ បានឲ្យដឹងកាលពីសប្តាហ៍មុនថា ខ្លួនមិនបានទទួលព័ត៌មានអ្វី ពាក់ព័ន្ធនឹងការរៀបចំ ជំនួបនេះឡើយ ប៉ុន្តែបានបញ្ជាក់ទៅវិញថា  វៀតណាមមានភាពជឿជាក់ គ្រប់គ្រាន់លើសមត្ថភាព ក្នុងការរៀបចំ ព្រឹត្តិការណ៍អន្តរជាតិធំបែបនេះ៕

ដកស្រង់ពី៖ Fresh News