បណ្តាញសង្គម

ការវាយប្រហារដោយគ្រាប់បែកដៃ បានសម្លាប់មនុស្ស២នាក់ នាវិហារអ៊ីស្លាមមួយកន្លែង ក្នុងភាគខាងត្បូងប្រទេសហ្វីលីពីន

ការវាយប្រហារដោយគ្រាប់បែកដៃមួយ មកលើវិហារអ៊ីស្លាមមួយកន្លែង ក្នុងតំបន់ភាគខាងត្បូងប្រទេសហ្វីលីពីន ដែលសម្បូរតែបញ្ហា ដោយបានសម្លាប់មនុស្សអស់២នាក់ កាលពីព្រឹកថ្ងៃពុធ នេះបើតាមការឲ្យដឹងពីអជ្ញាធរ។

ការវាយប្រហារនេះ កើតមានត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីការផ្ទុះគ្រាប់បែកដ៏សាហាវនាវិហារកាតូលិក និងការបោះឆ្នោតគាំទ្រឲ្យមានការគ្រប់គ្រងដោយខ្លួនឯងរបស់ពួកមូស្លីម។

ជនរងគ្រោះទាំងនោះ កំពុងសម្រាកខាងក្នុងវិហារ នៅពេលដែលមានការវាយប្រហារមកលើកោះ Mindanao ដែលញាំញីដោយការបះបោរ និងជាជម្រករបស់ជនភាគតិចមូស្លីម របស់ប្រទេសហ្វីលីពីន។

ការប្រយុទ្ធ កើតមាននៅពេលដែលប្រទេសនេះ ឋិតក្នុងការប្រុងប្រយ័ត្នខ្ពស់ បន្ទាប់ពីការផ្ទុះគ្រាប់បែកនាវិហារកាតូលិក ដែលបានសម្លាប់មនុស្សអស់១២នាក់ កាលពីថ្ងៃអាទិត្យ ក្នុងការប្រជុំគ្នាលើកោះ Jolo ដែលសំបូរជនមូស្លីមរស់នៅភាគច្រើន។

ក្រុមរដ្ឋអ៊ីស្លាម បានអះអាងទទួលខុសត្រូវចំពោះការផ្ទុះបញ្ជេះវិហារកាតូលិកនោះ។ អជ្ញាធរប្រទេសហ្វីលីពីនដំបូងនិយាយថា នោះមិនមែនជាការវាយប្រហារអត្តឃាតទេ ប៉ុន្តែកាលពីថ្ងៃអង្គារ៍ លោកប្រធានាធិបតី Rodrigo Duterte បាននិយាយផ្ទុយពីពួកអជ្ញាធរថា អ្នកបំផ្ទុះគ្រាប់បែកម្នាក់ បានបំផ្ទុះខ្លួនឯងនៅខាងក្រៅវិហារកាតូលិក។

អ្នកនាំពាក្យយោធាប្រចាំតំបន់ បានថ្លែងថា វាប្រញាប់ពេកក្នុងការនិយាយថា ការផ្ទុះវិហារអ៊ីស្លាមនោះ ជាការសងសឹកទៅនឹងការវាយប្រហារវិហារកាតូលិក ដោយបន្ថែមថា ប៉ូលីសកំពុងប្រម៉ាញ់រកអ្នកទទួលខុសត្រូវលើរឿងហ្នឹងហើយ។

ការវាយប្រហារនេះ បានកាត់ផ្តាច់សេចក្តីសប្បាយរីករាយ ដែលកើតឡើងពីការឯកភាពបែបសម្រេចចិត្ត ពីសំណាក់អ្នកបោះឆ្នោត ក្នុងការផ្តល់ឲ្យជនមូស្លីម នាតំបន់ភាគខាងត្បូង នូវការគ្រប់គ្រងច្រើនជាងមុនលើកិច្ចការរបស់ខ្លួន ដែលបញ្ហានេះ បាននាំនូវក្តីសង្ឃឹមបំបាត់អំពើហឹង្សាផ្តាច់ខ្លួនជាយូរអង្វែងមក។ ការវាយប្រហារដោយគ្រាប់បែកដៃ កាលពីថ្ងៃពុធ ក៏បានទាក់ទាញនូវការថ្កោលទោសភ្លាមៗពីក្រុមអជ្ញាធរផងដែរ នេះបើតាមការផ្សាយរបស់ Channel News Asia កាលពីថ្ងៃពុធ។